កម្ពុជាប្ដូរកាលបរិច្ឆេទធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ពីឆ្នាំ២០២៩ ទៅឆ្នាំ២០៣១ តាមសំណូមពររបស់ OCA
ភ្នំពេញ៖ យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) កម្ពុជាត្រូវបានសំណូមពរឲ្យផ្លាស់ប្ដូរកាលបរិច្ឆេទធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ពីឆ្នាំ២០២៩ ទៅឆ្នាំ២០៣១ វិញ។ នេះបើតាមប្រសាសន៍លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខណៈលោកកំពុងដឹកនាំអត្តពលិកម្ពុជា ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។
យោងតាមខ្លឹមសារ
ដែលបានចុះផ្សាយលើគេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
នៅរសៀលថ្ងៃទី២៧ ខែតុលានេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា
ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី
បានសំណូមពរឲ្យកម្ពុជាលើកពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ បន្ទាប់ពីបារ៉ែន
ដែលគ្រោងរៀបចំនាឆ្នាំ២០២៩ ទៅឆ្នាំ២០៣១ ដោយសារ OCA នឹងរៀបចំកែសម្រួលពេលរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី
៤ឆ្នាំម្ដង មកត្រឹម ២ឆ្នាំម្ដងវិញ។
ទន្ទឹមនឹងការសំណូមពរប្ដូរកាលបរិច្ឆេទធ្វើម្ចាស់ផ្ទះនេះ
លោកបន្ថែមថា «ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ បានអនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
និងក្រសួងពាក់ព័ន្ធទាំងអស់ បានធ្វើជាម្ចាស់ផ្ទះឆ្នាំ២០៣១។ នេះក៏ជាមោទនភាពមួយទៀត
ដែលកម្ពុជាទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ
និងថ្នាក់ដឹកនាំចលនាកីឡាអូឡាំពិកនៅអាស៊ី ក៏ដូចជាថ្នាក់ដឹកនាំចលនាអូឡាំពិកអន្តរជាតិ
ដែលបានផ្ដល់សេចក្ដីទុកចិត្តឲ្យកម្ពុជាបន្តត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាយុវជនអាស៊ី
ឆ្នាំ២០៣១»។
បន្ថែមលើនេះ ឯកឧត្តម
វ៉ាត់ ចំរើន ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងនាមម្ចាស់ផ្ទះ
កម្ពុជានឹងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើកិច្ចការនេះឱ្យបានល្អចំពោះការលើកកម្ពស់នូវកិត្តិយស
និងកិត្យានុភាពជាតិតាមរយៈកីឡា។ ក្នុងនាមប្រតិភូកីឡាកម្ពុជា
ដែលបានចូលរួមព្រឹត្តិការណ៍នៅបារ៉ែននេះសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស
និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានជំរុញទឹកចិត្ត
និងគាំទ្រដល់អត្តពលិកកម្ពុជា៕

Post a Comment