10/02/2025

ក្រុមប្រទេស G7 នឹងកំណត់គោលដៅលើប្រទេសទាំងឡាយ ដែលបន្តទិញប្រេងកាន់តែច្រើនពីរុស្ស៉ី

វ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី១ ខែតុលា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 បាននិយាយថា ពួកគេនឹងរួមគ្នាចាត់វិធានការ ដើម្បីបង្កើនសម្ពាធលើរុស្ស៉ី តាមរយៈការកំណត់គោលដៅ ចំពោះប្រទេសទាំងឡាយណា ដែលកំពុងបន្តបង្កើនការទិញប្រេងពីរុស្ស៉ី ក៏ដូចជាប្រទេសណា ដែលជួយរុស្ស៉ីគេចវេះពីទណ្ឌកម្ម។

ក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ក្រុមរដ្ឋមន្រ្តី G7 បានលើកឡើងថា «យើងនឹងកំណត់គោលដៅ​លើប្រទេសណា ដែលបន្តបង្កើនការទិញប្រេងពីរុស្ស៉ី ចាប់តាំងពីសង្រ្គាមឈ្លានពានផ្ទុះឡើងនៅអ៊ុយក្រែន និងប្រទេសទាំងឡាយ ដែលជួយរុស្ស៉ីគេចវេះពីទណ្ឌកម្ម។ ទន្ទឹមគ្នានេះ ពួកយើងក៏នឹងចាត់វិធានការឱ្យរឹងមាំផងដែរ ដើម្បីកាត់បន្ថយជាខ្លាំង ជាមួយគោលដៅ​កាត់ឱ្យដាច់ទាំងស្រុង នូវការនាំចូលដែលនៅសេសសល់ទាំងប៉ុន្មានរបស់យើង ពីប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងការនាំចូល​អ៉ីដ្រូកាបូន»

ការចេញសេចក្តីថ្លែងការណ៍ដូចខាងលើ គឺបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកន្លងមក បានអំពាវនាវឱ្យសម្ព័ន្ធមិត្តដំឡើងពន្ធ​លើប្រទេសទិញប្រេងពីរុស្ស៉ី ដូចជាឥណ្ឌានិងចិនជាដើម ខណៈលោក ត្រាំ មិនបានដំឡើងពន្ធបន្ថែមលើចិន ជុំវិញការទិញប្រេងរុស្ស៉ីក៏ដោយ រដ្ឋបាលរបស់លោកបានដំឡើងលើឥណ្ឌា។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធរបស់ G7 មិនបានលើកឡើងចំឈ្មោះ​របស់ប្រទេសណាមួយឡើយ៕ (ប្រភព៖ Reuters)