ក្លិបអ្នកកាសែតកម្ពុជា និង FASMEC រៀបចំវេទិកាសារព័ត៌មានលើការ “ពង្រឹង-ពង្រីកសមត្ថភាពផលិតក្នុងស្រុក”
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការ ជាមួយសមាគម មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) រៀបចំវេទិកាសារព័ត៌មាន លើប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាព ផលិតក្នុងស្រុក” នៅការិយាល័យកណ្តាល FASMEC នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
ពិធីបើកវេទិកាសារព័ត៌មានលើប្រធានបទ “ការជំរុញ
ការផលិត និងការគាំទ្រផលិតផលខ្មែរ” នេះមានការចូលរួមពីសំណាក់ លោក ពុយ គា
ប្រធានក្លិបអ្នកកាសែតកម្ពុជា និងឧកញ៉ា តែ តាំងប៉
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ និងប្រធានសមាគមមូលនិធិ សម្ដេចតេជោ
ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។
វេទិកានេះ មានគោលបំណងផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ
FASMEC
ឲ្យពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព
សុវត្ថិភាព ដើម្បីធ្វើយ៉ាងណាបំពេញតម្រូវការ ប្រើប្រាស់អំឡុង ពេលពហិកា
មិនប្រើប្រាស់ផលិតផល ប្រទេសថៃ ។ ឱកាស និងបញ្ហាប្រឈមរួមទាំងដំណោះស្រាយ
និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុក ក៏នឹងត្រូវបានលើកឡើង
ក្នុងវេទិកាសារព័ត៌មាននេះផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ», ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ដោយឃើញពីសន្ទុះនៃការគាំទ្រខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ កាលពីកម្មវិធីពិព័រណ៌លើកទី១ ក្នុងខែកញ្ញាកន្លងទៅ, សហគ្រាសធុនតូច និងមធ្យម នឹងរៀបចំពីព័រណ៍ផលិតផលខ្មែរជាលើកទី២ ចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល កោះពេជ្រ ដែលនឹងដាក់បង្ហាញផលិតផលខ្មែរជាង២០០មុខ ស្មើនឹង២៧០ស្ដង់។
នាឱកាសនោះដែរ លោក ក៏បានថ្លែងអំណរគុណ
ដល់បណ្ដាអ្នកសារព័ត៌មានទាំងអស់
ដែលបានចូលរួមយ៉ាងសកម្មផ្សព្វផ្សាយពិព័រណ៍ផលិតផលខ្មែរកន្លងទៅ
ទើបកម្មវិធីនាពេលនោះទទួលបានជោគជ័យ
ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ។
បើទោះបីជាមានកិច្ចព្រមព្រៀងសន្ដិភាព
ទីក្រុងកូឡាឡាំពួរក្ដី ប៉ុន្តែភាពស្រពិចស្រពិលនៅតែមាន
ហើយដើម្បីបណ្ដុះស្មារតីជាតិនិយម ស្របនឹងកាលៈទេសៈប្រជាជនកម្ពុជា
កំពុងតែពហិការមិនប្រើប្រាស់ផលិតផលថៃ, ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលសមាគម
ឧកញ៉ា តែ តាំងប៉ បានលើកឡើងថា SME មានឱកាសច្រើនណាស់ក្នុងការផលិត
និងពង្រឹងផលិតផលក្នុងស្រុក ដោយមិនរំពឹងពីការបើកច្រកព្រំដែនរបស់ភាគីថៃ។
ការណ៍នេះ លោកឧកញ៉ា បានបញ្ជាក់ដូច្នេះថា៖ «យើងពហិការមិនប្រើប្រាស់ផលិតរបស់គេ គ្រាន់តែទុកក្នុងក្រអៅបេះដូងយើង
ដោយយើងអត់ចង់ឱ្យវាខ្ជះខ្ជាយ ជួនណាយើងនិយាយច្រើនតែធ្វើតិច
សូមឱ្យយើងខំបន្តទៀត..យើងដូចភ្ញាក់ពីគេងអ៊ីចឹង ដោយមិននឹកស្មានថាភាគីថៃគាត់មើលស្រាលកម្ពុជាយើងពេក
គិតថាបិទភ្លើង បិទហ្គាស..គិតថាខ្មែរពិតជាវេទនា តែគាត់គិតខុស»។ ឧកញ៉ា តែ តាំងប៉ បានបន្តថា ការរៀបចំពិព័រណ៍នេះ
មិនមែនជាការងាយស្រួលនោះទេ ដូច្នេះយើងត្រូវខិតខំទាំងអស់គ្នា។
សូមជម្រាបថា ពិព័រណ៍ផលិតផលខ្មែរ
គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលត្រូវបានរៀបចំឡើងជាញឹកញាប់
ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ គោលបំណងសំខាន់នៃពិព័រណ៍
គឺ បញ្ញា ការយល់ដឹង និងបណ្តុះស្មារតីគាំទ្រការប្រើប្រាស់ផលិតផលខ្មែរ
ឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងសមត្ថភាពផលិតកម្ម និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋផងដែរ៕







Post a Comment