សហភាពអឺរ៉ុប គាំទ្រជំនួប ត្រាំ-ពូទីន នៅទីក្រុង Budapest ប្រសិនបើបម្រើឱ្យសន្តិភាព
ព្រុចសែល៖ គណៈកម្មការអឺរ៉ុបបាននិយាយនៅថ្ងៃសុក្រថា ខ្លួនស្វាគមន៍កិច្ចប្រជុំនៅទីក្រុងប៊ុយដាប៉ែស (Budapest) រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ប្រសិនបើវាអាចជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាន។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក អូឡូហ្វ
ហ្គីល (Olof
Gill) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា
សហភាពអឺរ៉ុបត្រូវតែមានភាពប្រាកដនិយម និងគាំទ្ររាល់ជំហានដែលអាចនាំទៅរកសន្តិភាព
ទោះបីជាលោក ពូទីន កំពុងជាប់ដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)
ពីបទឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ។ គំនិតនៃកិច្ចប្រជុំនេះ
បានកើតឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ
កាលពីថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យសហភាពអឺរ៉ុបបានបញ្ជាក់ថា
ទោះបីជាលោក ពូទីន ជាប់ដីកាចាប់ខ្លួនរបស់ ICC ដែលពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារអ៊ុយក្រែនក៏ដោយ
ក៏លោកមិនស្ថិតនៅក្រោមបម្រាមធ្វើដំណើរជាក់លាក់ណាមួយរបស់សហភាពអឺរ៉ុបនោះទេ
ហើយប្រទេសជាសមាជិកនីមួយៗអាចចេញការអនុញ្ញាតពិសេស
សម្រាប់ការធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ខ្លួនបាន៕ (ប្រភព៖ AFP)

Post a Comment