ធនាគារជាតិនៃកម្ពុជា មិនដែលបោះផ្សាយមាសនោះទេ, អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយលក់ «មាសសន្លឹក»
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយលក់ «មាសសន្លឹក» ដែលថាចេញដោយធនាគារជាតិ។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ខ្លួនមិនដែលបោះផ្សាយមាសនោះទេ។
តាមរយៈសេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជាបញ្ជក់ដូច្នេះថា «នាពេលថ្មីៗនេះ
មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក
ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា
និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាសដែលចេញពី «ធនាគារខ្មែរពិតៗ»។
សូមបញ្ជាក់ជូនសាធារណជនថា
ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា
និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់។
រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួល
ខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់៕



Post a Comment