ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ព្រមព្រៀងឈប់បាញ់ជាបន្ទាន់ ក្រោយកិច្ចចរចាសន្តិភាពនៅទីក្រុងដូហា

ដូហា៖ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នៅថ្ងៃអាទិត្យ ទី១៩ តុលា បានព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបន្ទាន់មួយ ក្នុងអំឡុងពេលកិច្ចចរចានៅទីក្រុងដូហា ប្រទេសកាតា។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមនៅតាមព្រំដែនអស់រយៈពេលមួយសប្តាហ៍ ដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ និងរបួសជាង១០០នាក់ ក្នុងអំពើហិង្សាដ៏អាក្រក់បំផុតរវាងប្រទេសជិតខាងទាំងពីរចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចក្នុងឆ្នាំ២០២១។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានសរសេរនៅលើបណ្តាញសង្គម X ថា បទឈប់បាញ់ «ត្រូវបានបញ្ចប់ជាស្ថាពរហើយ» ហើយភាគីទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី២៥ ខែតុលា ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សា «ប្រធានបទលម្អិត»។ ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid) ក៏បានបញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់ដ៏ពេញលេញនិងមានអត្ថន័យ។

សូមជម្រាបថា កិច្ចចរចាដែលសម្របសម្រួលដោយកាតា និងតួកគីបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបន្ថយភាពតានតឹងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។ ជម្លោះនេះផ្ទុះឡើងបន្ទាប់ពីអ៊ីស្លាម៉ាបាដទាមទារឱ្យកាប៊ុលចាត់វិធានការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលវាយប្រហារប៉ាគីស្ថានពីទឹកដីអាហ្វហ្គានីស្ថាន ដែលជាការចោទប្រកាន់ដែលតាលីបង់បដិសេធ៕ (ប្រភព៖ Reuters)



 

Powered by Blogger.