សមាគមអ្នកសារព័ត៌មានកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតវៀតណាម បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរនៃវិស័យព័ត៌មាន និងការពង្រឹងសហប្រតិបត្តិការវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា
បានលើកឡើងថា វិស័យព័ត៌មាននៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាផ្លាស់ប្តូរយ៉ាងលឿន
ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិមិត្ត (AI)
និងឥទ្ធិពលនៃអ្នកផលិតមាតិការព័ត៌មានតាមបណ្តាញសង្គម (Influencers)។ អ្នកសារព័ត៌មានអាជីព «ត្រូវការបណ្តុះបណ្តាលបន្ថែម
ដើម្បីអាចប្រកួតប្រជែង
និងរក្សាគុណភាពព័ត៌មានក្នុងស្ថានភាពហិរញ្ញវត្ថុដែលកាន់តែស្តួច»។
ដោយឡែកក្នុងស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ
លោក ពុយ គា បានបញ្ជាក់ថា៖ «អ្នកសារព័ត៌មានកម្ពុជាបានប្រកាន់យកការផ្សាយព័ត៌មានដោយប្រយ័ត្នប្រយែង
និងគោរពវិជ្ជាជីវៈដោយព្យាយាមមិនបំប៉ោងស្ថានភាពឲ្យកាន់តែតានតឹងឡើយ»។
ពីភាគីវៀតណាម លោក ង្វៀន ឌឹកឡឺយ
អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាម ដែលដឹកនាំប្រតិភូចំនួនប្រាំរូប
មកទស្សនកិច្ចកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥
បានទៅទស្សនាប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំនៅភ្នំពេញរវាងក្លិបអ្នកកាសែតកម្ពុជា
និងសមាគមអ្នកកាសែតវៀតណាម
ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ
ស្តីពីការផ្សាយព័ត៌មានដោយសុចរិតភាព និងការបង្កើនភាពជាដៃគូសហការរវាងសារព័ត៌មានកម្ពុជា
និងវៀតណាម៕



Post a Comment