10/20/2025

មន្រ្តីអាមេរិក៖ លោក ត្រាំ បានលើកសំណើឱ្យអ៊ុយក្រែនធ្វើសម្បទាន អំឡុងជំនួបជាមួយលោក ហ្សេលេនស្គី កាលពីសប្តាហ៍មុន

វ៉ាស៊ីនតោន៖ ក្រុមមន្រ្តីអាមេរិកបាននិយាយថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លះបង់ទឹកដីទៅឱ្យរុស្ស៉ី អំឡុងជំនួបដ៏តានតឹងកាលពីថ្ងៃសុក្រសប្តាហ៍មុន។

មន្រ្តីអាមេរិក បាននិយាយដោយស្នើសុំមិនបញ្ចេញឈ្មោះថា លោក ត្រាំ ក៏បានអំពាវនាវជាសាធារណៈ ឱ្យមានបទឈប់បាញ់រុស្ស៉ី-អ៊ុយក្រែន នៅតាមសមរភូមិជួរមុខបច្ចុប្បន្ន បន្ទាប់ពីលោក ហ្សេលេនស្គី បដិសេធប្រគល់ទឹកដីទៅឱ្យទីក្រុងមូស្គូ។ ក្រោយមក លោក ហ្សេលេនស្គី បានបញ្ជាក់ពីការព្រមទទួលយកបទឈប់បាញ់ ដែលលោក ត្រាំ បានស្នើឡើង ក្នុងពេលថ្លែងទៅកាន់ក្រុមអ្នកកាសែត។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការចង្អុលបង្ហាញថា លោក ត្រាំ ហាក់បន្ថយការដាក់សម្ពាធឱ្យមានកិច្ចព្រមព្រៀង រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ ដែលទំនងជាងាកទៅខាងអ៊ុយក្រែន ប៉ុន្តែជំនួបកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ ជាថ្មីម្តងទៀត បានជំរុញឱ្យមានកិច្ចព្រមព្រៀងឆាប់រហ័ស បើទោះបីជាលក្ខខណ្ឌមិនអាចទទួលយកបាន សម្រាប់អ៊ុយក្រែនក៏ដោយ៕ (ប្រភព៖ Reuters)