ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាមានជាង ៤ម៉ឺនជើង កើនជាង១២ភាគរយ ដោយទទួលបានអ្នកដំណើរជាង ៥លាននាក់ កើនជាង១៤ ភាគរយ។ នេះបើតាមការឱ្យពី លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។
មន្រ្តីជាន់ខ្ពស់រូបនេះ
បានថ្លែងឲ្យដឹងថា គិតចាប់ពី ខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៥
ព្រលានយន្តហោះទាំងបីរបស់កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស)
មានចំនួនជាង៤ម៉ឺនជើង ឬស្មើ៤៧,៦៣៧ជើង កើនឡើង១២%
បើធៀបទៅនឹងរយៈពេល៩ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
ចំណែកអ្នកដំណើរចេញ-ចូល
(ទ្វេទិស) មានចំនួនជាង៥លាននាក់ ឬស្មើនឹង៥,១០៩,៣២៥ នាក់ កើនឡើង១៤% បើធៀបទៅនឹងរយៈពេល៩ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ លោកបញ្ជាក់ថា
ចំពោះក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល
អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាមានចំនួន ២៨ក្រុមហ៊ុនក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤
និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន២៤។
សម្រាប់ការទំនិញតាមផ្លូវអាកាស
ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៦ម៉ឺនតោន ឬស្មើ៦៤,៥១៣ តោន មានការកើនឡើង១៤% បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាទៅនឹងឆ្នាំ២០២៤៕
