អាមេរិកបើកការវាយប្រហារ ៣លើកក្នុងថ្ងៃតែមួយ លើនាវាសង្ស័យដឹកគ្រឿងញៀននៅមហាសមុទ្រប៉ាស៊ីហ្វិក
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហិចសេត (Pete Hegseth) បានប្រកាសថា យោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារចំនួន ៣លើកកាលពីថ្ងៃចន្ទ ទៅលើនាវាដែលត្រូវបានសង្ស័យថា កំពុងដឹកគ្រឿងញៀន នៅឯមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដោយបានសម្លាប់មនុស្ស ១៤នាក់ និងបន្សល់ទុកអ្នករស់រានមានជីវិតម្នាក់។
នៅក្នុងការប្រកាសមួយដែលធ្វើឡើងនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ
លោក ហិចសេត បានគូសបញ្ជាក់ថា
នេះគឺជាការកើនឡើងជាបន្តបន្ទាប់នៃប្រតិបត្តិការវាយប្រហារ ហើយក៏ជាលើកទីមួយផងដែរ
ដែលការវាយប្រហារជាច្រើនលើកត្រូវបានប្រកាសក្នុងថ្ងៃតែមួយ។
សូមបញ្ជាក់ថា
នេះគឺជាការវាយប្រហារចុងក្រោយបង្អស់ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អាមេរិក។
នៅក្នុងការវាយប្រហារមួយកាលពីដើមខែតុលា ដែលមានអ្នករស់រានមានជីវិតពីរនាក់
យោធាសហរដ្ឋអាមេរិកបានជួយសង្គ្រោះពួកគេ ហើយក្រោយមកបានបញ្ជូនពួកគេត្រឡប់ទៅប្រទេសកូឡុំប៊ី
និងអេក្វាឌ័រវិញ៕

Post a Comment