ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារជាកិច្ចការចាំបាច់
ខេត្តបាត់ដំបង ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងឲ្យដឹងថា ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ជាកិច្ចការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការ នៃការកែទម្រង់ ឆ្ពោះទៅកាន់ការគ្រប់គ្រងមុខងារសាធារណៈ ផ្អែកលើសមិទ្ធកម្ម ។
ការឲ្យដឹងរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ ៣០០នាក់។
មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានបញ្ជាក់ជូនសិក្ខាកាមថា «ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាយន្តការពិសេសថ្មីមួយ
របស់រាជរដ្ឋាភិបាល នឹងជួយលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ធនធានមនុស្ស
និងដោះស្រាយបញ្ហាប្រឈម ដែលមានក្នុងប្រព័ន្ធមុខងារសាធារណៈបែបអាជីពនាពេលបច្ចុប្បន្ន
ដូចជាបញ្ហាលើស ប៉ុន្តែខ្វះមន្ត្រី កង្វះមន្ត្រីមានជំនាញពិតប្រាកដ
ការអភិវឌ្ឍសមត្ថភាពមន្ត្រី ឱ្យស្របតាមការវិវត្តនៃសង្គម»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បន្ដថា ការអនុវត្តបែបនេះ គឺជាកិច្ចការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការ
នៃការកែទម្រង់ឆ្ពោះទៅកាន់ការគ្រប់គ្រង មុខងារសាធារណៈ ផ្អែកលើសមិទ្ធកម្ម។
ឯកឧត្តម
បានគូសបញ្ជាក់ថា យន្តការថ្មីនេះ ជារបៀបនៃការគ្រប់គ្រងធនធានមនុស្ស
បែបប្រព័ន្ធនិយោជន៍ ដែលជារបៀបនៃការអនុវត្ត យ៉ាងទូលំទូលាយ
ក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន ។ ការកែទម្រង់រដ្ឋបាលសាធារណៈ
ក្នុងដំណាក់កាលនេះ គឺជាការផ្លាស់ប្តូរមួយ ក្នុងទ្រង់ទ្រាយធំ និងមុតស្រួច
ដែលមិនត្រឹមតែការកសាងលិខិតបទដ្ឋានគតិយុត្ត
និងជំរុញឱ្យមានការផ្លាស់ប្តូរតែប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត
ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹង ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ
ដើម្បីបង្កើនការគាំទ្រ ការចូលរួម និងជំនឿទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ។
សូមជម្រាបថា សិក្ខាសាលាពេញមួយថ្ងៃនេះ
នឹងមានការរៀបចំបទ បង្ហាញចំនួន៣ រួមមាន៖ ទី១) ទស្សនាទានគោលនយោបាយ
ក្នុងការកែទម្រង់មុខងារសាធារណៈ, ទី២)
ការជ្រើសរើសនិងការគ្រប់គ្រងផ្អែកលើកិច្ចព្រមព្រៀងការងារ, និងទី៣)
ការបំពេញការងារ របស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ៕




Post a Comment