មន្ទីររៀបចំដែនដី ខេត្តមណ្ឌលគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ត

អត្ថបទ៖ ជឹម ទូច   

ខេត្តមណ្ឌលគិរី ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម សុ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត រួមទាំងលោក អនុប្រធានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក អនុប្រធានសាលាដំបូងខេត្ត កងកម្លាំងទាំងបី មន្រ្តីរាជការ អាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ និងមន្ត្រីជំនាញជាច្រើនរូប ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម សុ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាព មួយក្នុងចំណោម ការងារអាទិភាពដ៏ទៃទៀត នៅក្នុងមុំទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការ កែទម្រង់ដីធ្លី  ដោយជម្រុញការចុះបញ្ជីដី,ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ, និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីអោយបានត្រឹមត្រូវចំទិសដៅ និងមានប្រសិទ្ធិភាព។ 
ឯកឧត្តម ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ ត្រូវពង្រឹងគុណភាពនៃការចុះបញ្ជីដីរដ្ឋ និងសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ និងការចុះបញ្ជីបន្ត ដើម្បីធានាដល់ចរន្ត ការឯកសារគ្រប់គ្រងបច្ចុប្បន្នភាព ព័ត៌មានដី និងចូលរួមចំណែកប្រមូលសេវាសុរិយោដី និងពន្ធប្រថាប់ត្រាជូនរដ្ឋ និងជំរុញការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដើម្បីអាចបង្កើតបាននូវបរិយាកាសគ្មានវិវាទ។

លោកបណ្ឌិត អ៊ុក ភ័ក្ដ្រា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ នៃរដ្ឋសភា រដ្ឋបាលខេត្តមណ្ឌលគិរី បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជម្រុញការអនុវត្តការងារសំខាន់ៗ មួយចំនួនជាអាទិភាពស្រប តាមគោលនយោបាយដាក់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួមមាន៖ - បានកំណត់យកការចុះបញ្ជីដីបង្ហើយដែលជាការងារអាទិភាពចំពោះមុខ សំដៅបញ្ចប់ការងារវាស់វែងដីធ្លីនៅក្នុងខេត្ដ កែសម្រួលភាពមិនច្បាស់លាស់ កាត់បន្ថយជម្លោះលើព្រំដីកាន់កាប់ ផ្ដល់នូវសុវត្តិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្ត ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកសាងសង្គមសុខដុម ជាក់ស្ដែងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាខេត្តមួយត្រូវបាន ប្រកាសតំបន់វិនិច្ឆ័យ ក្រោមយុទ្ធនាការចុះបញ្ជីដីធ្លី គាំទ្រដោយអន្តរក្រសួង រហូតបានសម្រេចលើភូមិទាំង ៩២ភូមិ ក្នុងខេត្ត។

លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្ត បានឲ្យដឹងថា មន្ទីរ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិសាស្ត្រ ស្រុកកែវសីមា ស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចំនួន ២៣ភូមិ។ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋសរុបចំនួន ៣៥០០បណ្ណ។ 

លោក បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ បន្តចូលរួមសហការ គាំទ្រក្នុងដំណើរ បេសកកម្មរបស់មន្ទីរ ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីសម្រេចបានគោលដៅតាមផែនការ គឺការចុះបញ្ជីបញ្ចប់ និងបន្តចូលរួមសហការ និងផ្តល់ទិន្នន័យក្នុងការកសាង ប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង/ស្រុក និងផែនការប្រើប្រាស់ដីថ្នាក់ឃុំ/សង្កាត់ ឲ្យបានពេញលេញ៕












Powered by Blogger.