អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដំណាំកៅស៊ូបានក្លាយជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចកសិកម្មក្នុងតំបន់ ហើយបច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែងមានក្រុមហ៊ុនជាច្រើនចូលមកវិនិយោគ មានទាំងក្រុមហ៊ុនបរទេសផងដែរ លើវិស័យកៅស៊ូ និងសហគ្រាសឯកជនក្នុងស្រុក ។
ការវិនិយោគទាំងនេះមិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងបង្កើតការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍជនបទកាន់តែរីកចម្រើនផងនោះទៀត ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធបាននឹងកំពុងខិតខំអភិវឌ្ឍវិស័យកៅស៊ូ ដោយលើកទឹកចិត្តឲ្យកសិករផ្លាស់ប្តូរខិតខំពង្រឹងគុណភាពផលិតផល និងប្រើបច្ចេកវិទ្យាបៃតងក្នុងការផលិតផងដែរ ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានឲ្យដឹងថា៖ ដំណាំកសិឧស្សាហកម្មប្រភេទកៅស៊ូដែលបានដាំលើផ្ទៃដីភូមិសាស្ត្រខេត្តស្ទឹងត្រែង មានជិត១ម៉ឺន៤ពាន់ហិកតា ទទួលបានទិន្នផលប្រមាណក្បែរ១មុឺនតោនក្នុងមួយឆ្នាំៗ ។ លោកបញ្ជាក់ថា សក្តានុពលកៅស៊ូធ្វើឲ្យខេត្តស្ទឹងត្រែងទទួលប្រាក់ចំណូលរាប់លានដុល្លារផងដែរ។
សូមបញ្ជាក់ថា កៅស៊ូស្ទឹងត្រែង មិនត្រឹមជាដំណាំសេដ្ឋកិច្ចទេ ប៉ុន្តែជាផ្នែកមួយនៃការរីកចម្រើនសង្គម និងការអភិវឌ្ឍបៃតងសម្រាប់អនាគតកម្ពុជា ។ ហើយផលិតផលកៅស៊ូស្ទឹងត្រែង ក៏ត្រូវបាននាំចេញទៅទីផ្សារប្រទេស វៀតណាម ដែលត្រូវបានបង្ហាញអំពីគុណភាព និងសក្តានុពលនៃផលិតផលក្នុងតំបន់ ៕




