ក្រសួងឧស្សាហកម្ម បើកយុទ្ធនាការផ្សព្ចផ្សាយការចុះបញ្ជីផលិតផល ដើម្បីពង្រឹងគុណភាព ទំនុកចិត្ត និងការពង្រីកទីផ្សារទំនិញ
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ។ យុទ្ធនាការនេះនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រពិសេសសម្រាប់ទាំងអ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ
ដោយមានអ្នកចូលរួមប្រមាណ ២ ពាន់នាក់ រួមទាំងសហគ្រាសផលិតក្នុងស្រុកចំនួន១៩
ក្រុមហ៊ុននាំចូលចំនួន៦ ក្រុមហ៊ុនដំឡើងរថយន្តចំនួន៣
និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។
ក្នុងយុទ្ធនាការនេះ សហគ្រាសផលិត
និងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ
នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ ១០% សម្រាប់ការចុះបញ្ជីផលិតផលពី
៥-១៩ មុខ,
១៥% សម្រាប់ការចុះបញ្ជីផលិតផលពី ២០-៤៩ និង ២០%
សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខ ក្នុងពេលតែមួយ។
ឯកឧត្តម ហែម វណ្ណឌី
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
បានលើកឡើងថា«ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មី
ឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈក្នុងការកែលម្អសេវា
និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួង។ យុទ្ធនាការពេលនេះគឺទាន់ពេល
ត្រូវកាលៈទេសៈ និងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំណូមពររបស់ទីផ្សារ
ទាំងអ្នកផលិតនិងអ្នកប្រើប្រាស់ ក៏ដូចជាការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម»។
ការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ
និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។
សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព
និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
វិទ្យាស្ថានស្តង់ដារកម្ពុជា បានចុះបញ្ជីផលិតផលចំនួន ៩.៥៣៥ ដែលជាចំនួនតិចនៅឡើយ
បើធៀបនឹងចំនួនផលិតផលដែលកំពុងចរាចរនៅលើទីផ្សារ ហើយក្រសួងកំពុងរៀបចំយន្តការបន្ថែម
ដោយសម្រួលនីតិវិធី និងកាត់បន្ថយចំណាយ
ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីអ្នកផលិត និងអ្នកនាំចូលទំនិញ។
ជាផ្នែកមួយនៃកំណែទម្រង់នេះ
ក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ
និងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម៥ថ្ងៃនៃថ្ងៃធ្វើការ
ក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ពាក្សស្នើសុំតែមួយអាចប្រើប្រាស់សម្រាប់ការចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ
ហើយអាជ្ញាបណ្ណ ច.ប.ផ. មានសុពលភាពរយៈពេល៣ឆ្នាំ។
អ្នកផលិត និងអ្នកនាំចូល
ក៏មានជម្រើសក្នុងការយកផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយខ្លួនឯងសម្រាប់ភ្ជាប់ជាមួយពាក្យស្នើសុំ
ដោយមិនចាំបាច់ធ្វើតេស្តតាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជាឡើយ។ សម្រាប់យុទ្ធនាការនេះ
ក្រសួងបានចាត់វិទ្យាស្ថានស្តង់ដារកម្ពុជាឱ្យរៀបចំក្រុមការងារពិសេស
ដើម្បីផ្តល់ប្រឹក្សា និងការណែនាំបច្ចេកទេសសម្រាប់វិស័យឯកជន។
ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់អ្នកផលិត
និងអ្នកនាំចូលទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវសុចរិតភាព តម្លាភាព
និងទំនួលខុសត្រូវក្នុងប្រតិបត្តិការអាជីវកម្ម តាមរយៈការចុះបញ្ជីផលិតផល ដោយលើកឡើងថា
គុណតម្លៃទាំងនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ជោគជ័យរយៈពេលវែងរបស់អាជីវកម្ម
និងការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួន
ដើម្បីជំរុញឱ្យអ្នកផលិត និងអ្នកនាំចូលប្រកាន់គោលការណ៍ដូចគ្នា តាមរយៈការទិញ
និងប្រើប្រាស់តែផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ។
កន្លងមក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្សព្វផ្សាយបញ្ជី ច.ប.ផ. នៅលើគេហទំព័ររបស់ខ្លួន
ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់
និងអ្នកចែកចាយងាយស្រួលផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃផលិតផល។
ឌីជីថលូបនីយកម្មនៃសេវាសាធារណៈរបស់ក្រសួងនឹងរួមបញ្ចូលប្រព័ន្ធចុះបញ្ជីផលិតផលអនឡាញពេញលេញក្នុងឆ្នាំ២០២៦
ដើម្បីសម្រួលនីតិវិធី កាត់បន្ថយឯកសារតម្រូវ និងការជួបផ្ទាល់
ដែលនឹងធ្វើឱ្យដំណើរការស្នើសុំអាជ្ញបណ្ណ ច.ប.ផ. កាន់តែឆាប់រហ័ស មានតម្លាភាព
និងកាត់បន្ថយការពឹងផ្អែកលើសេវាអ្នករត់ការ៕









Post a Comment