អង្គកឋិនទានសាមគ្គីរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រមូលបច្ច័យជាង ២២លានរៀល ដង្ហែទៅកាន់វត្តសុវណ្ណរុក្ខារាម (ហៅវត្តស្រែជង)
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីដង្ហែបុណ្យកឋិនទានសាមគ្គី ទៅកាន់វត្តសុវណ្ណរុក្ខារាម(ហៅវត្តស្រែជង) ស្ថិតក្នុងភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត មានប្រសាសន៍ថា អង្គកឋិនទានសាមគ្គីនេះ បានប្រារព្ឋឡើង គឺដើម្បីដង្ហែវេរប្រគេននូវទេយ្យទាននានា និងបច្ច័យមួយចំនួន សម្រាប់ចាត់ចែង កសាងវត្ត ដល់ព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស និងនិមន្តព្រះសង្ឃធ្វើបទនមស្ការគុណព្រះរតនត្រ័យ សមាទានសីល និងចម្រើនព្រះបរិត្ត សុំសេចក្ដីសុខសេចក្ដីចម្រើន និងគោរពរដឹងគុណដល់វីរៈកងទ័ពជួរមុខដែលបានពលី ក្នុងបុព្វហេតុការពារដែនបូរណភាពទឹកដីកម្ពុជា ។
លោក បន្តថា បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានរំលងវត្ដណាមួយ ឬខកខានឡើយ ។ ដូច្នេះ គេតែងតែឃើញ ក្បួនកឋិនទាន តែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួន ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ។ លោក បានបន្ថែមថា ការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះ ជាការរួមចំណែកមួយក្នុងការលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង ។
លោក អភិបាលរងខេត្ត បានប្រសិទ្ធិពរជ័យដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លា ចូលរួមថវិកា ក្នុងអង្គកឋិនទាន ដើម្បីចូលរួមកសាងវត្តសុវណ្ណរុក្ខារាម(ហៅវត្តស្រែជង)ទុកជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយទូទៅ ពិសេស សូមឲ្យវត្ថុសក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាប្រមុខដឹកនាំប្រទេស ថ្នាក់ដឹកនាំខេត្ត និងប្រជាជនខ្មែរទូទាំងប្រទេស ជួបតែសុខសន្តិភាព និងមានការអភិវឌ្ឍន៍ជានិរន្ត។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានបញ្ជាក់ថា ការរៀបចំអង្គកឋិនទានសាមគ្គីនេះ ប្រមូលបានបច្ច័យសរុបជាង ២២លានរៀល ប្រគេនដល់ព្រះចៅអធិការវត្ត ដើម្បីទុកចាត់ចែងកសាងសមិទ្ធផលនានា នៅវត្ដសុវណ្ណរុក្ខារាម(ហៅវត្តស្រែជង) ស្ថិតក្នុងភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕







Post a Comment