10/03/2025

រដ្ឋមន្រ្តី នេត្រ ភក្រ្តា៖ ការផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន ជាកិច្ចការអាទិភាពចម្បងដែលមិនខ្វះបាន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា វិធានការផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀនជាកិច្ចការអាទិភាពចម្បងដែលមិនខ្វះបាន ក្នុងការកាត់បន្ថយនិងទប់ស្កាត់បញ្ហាគ្រឿងញៀននៅកម្ពុជាឱ្យទទួលបានជោគជ័យស្របតាមផែនការរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកផ្សព្វផ្សាយអប់រំគ្រឿងញៀនបានបញ្ជាក់ថា នៅក្នុងវិធានការចំនួន៦ដែលរាជរដ្ឋាភិបាលបានដាក់ចុះគឺវិធានការអប់រំដែលមានអាទិភាពខ្ពស់ ទាំងពេលយុទ្ធនាការដំណាក់កាលទី៩ គឺយកការអប់រំជាមូលដ្ឋានធំនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាននារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបានបញ្ជាក់ថា ការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការសរសេរអត្ថបទ ការផលិតរឿងអប់រំខ្លីក៏ដូចជាសារអប់រំ ពិសេសនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ពិធីបុណ្យផ្សេងៗ ជាយន្តការរួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជាឱ្យសម្រេចបានទៅតាមបទបញ្ជា ០១ ប ប គោលការណ៍សម្អាតចកចេញពីបឹងរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តមបានបន្តថា សព្វថ្ងៃនេះមានប្រជាពលរដ្ឋជាច្រើន ជាពិសេស យុវជន យុវនារី បានប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrug ដើម្បីធ្វើជា ភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ច ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ ក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ។

ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្រ្តី បានជំរុញ ដល់ពិធីករ ពិធីការនី MMO ព្រមទាំងសិក្ខាកាមទាំង២៥រាជធានីខេត្តទាំងអស់ បង្កើនការផ្សព្វផ្សាយ អប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ឱ្យក្លាយជាទំនៀមទម្លាប់ប្រពៃណីមួយ ក្នុងសង្គមខ្មែររបស់យើង ពោលគឺចាប់ផ្ដើមពីគ្រួសារមួយ រហូតដល់សាលារៀន កន្លែងធ្វើការ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរយើង មានជំនឿចិត្តក្នុងខ្លួនថា ខ្លួននឹងមិនពាក់ព័ន្ធជាដាច់ខាតទៅនឹងគ្រឿងញៀន៕