ស្នងការដ្ឋាននគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្ត
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់។
កិច្ចប្រជុំនេះរៀបចំឡើង នារសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដោយមានការចូលរួមពីលោក លោកស្រីស្នងការរងទាំងអស់ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានគោលដៅប្រចាំការសាលាខេត្ត ប្រធានគោលដៅតាមរមណីយដ្ឋានទេសចរណ៍ទូទាំងខេត្ត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗ និងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងកិច្ចសហការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទន្ទឹមនេះលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានណែនាំបន្ថែមឲ្យគ្រប់កងកម្លាំងទាំងអស់ត្រូវបន្តបង្កើនសកម្មភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីឆ្លើយតបជាមួយលទ្ធផលតាមការគ្រោងទុក។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជំរុញដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តខិតខំពង្រឹងវិធានការបង្ការទប់ស្កាត់គ្រប់សកម្មភាពបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងក្មេងទំនើង ព្រមទាំងបន្តបំផុសការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានផុសផុលនៅក្នុងសហគមន៍គ្រប់មូលដ្ឋាន ឃុំសង្កាត់ទាំង៥ នៃក្រុង ស្រុកទាំង២ ផងដែរ៕








Post a Comment