ភ្នំពេញ៖ វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក
នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត
WILL
Parks ប្រធានអង្គការយូនីសេហ្វ (UNICEF ) ប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក
និងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
បន្ទាប់ពីការទស្សនាវីដេអូ
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលបានសហការគាំទ្រគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងបេសកកម្មជំរុញការការពារសុវត្ថិភាពកុមារ
ទាំងការបញ្ចៀសឱ្យបានពីគ្រោះថ្នាក់ចរាចរណ៍ និងករណីលង់ទឹក ដែលកំពុងក្លាយជាក្ដីព្រួយបារម្ភមួយ
ទាំងសម្រាប់ឪពុកម្ដាយ អាណាព្យាបាល និងសង្គមជាតិ។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា បានគូសបញ្ជាក់ថា ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹកនេះឡើង គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់
របួស ពិការរបស់កុមារ ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខមួយ
ក្នុងចំណោមមូលហេតុនាំមុខគេ នៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត
ការរៀបចំពិធីផ្សព្វផ្សាយនេះ គ្រាន់តែជានិមិត្តរូបនៃការចាប់ផ្ដើមសកម្មភាពតែប៉ុណ្ណោះ
ពោលគឺដើម្បីទទួលបានលទ្ធផលល្អនោះ ទាមទារជាចាំបាច់ ការចូលរួមពីគ្រប់តួអង្គក្នុងសង្គម
ទាំងស្ថាប័នរដ្ឋ អង្គការសមាគម វិស័យឯកជន សិល្បករសិល្បការិនី និងជនមានប្រជាប្រិយភាពក្នុងគ្រប់បណ្ដាញសង្គម
ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានផុលផុស ជាដរាបគ្មានទីបញ្ចប់។
ក្រៅពីការផ្សព្វផ្សាយតាមបណ្ដាញសង្គម
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកឡើងពីជម្រើសជំរុញចលនាផ្សព្វផ្សាយនេះ ឱ្យបានកាន់តែសកម្ម
និងទូលំទូលាយ ជាអាទិ៍ ក្នុងកម្មវិធីសាសនា កម្មវិធីជួបជុំជាសាធារណៈ ការផ្សព្វផ្សាយតាម
LED ផ្សាយពាណិជ្ជកម្មលើដងផ្លូវ ការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍រដ្ឋគ្រប់រាជធានី
ខេត្ត រួមទាំងការផ្សព្វផ្សាយនៅតាមតំបន់គោលដៅទេសចរណ៍នានាជាដើម។
ក្នុងឱកាសនោះដែរ
លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការយូនីសេហ្វ ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា
ជារៀងរាល់ព្រឹក កុមារ នៅទូទាំងប្រទេសកម្ពុជាបានចេញដំណើរទៅសាលារៀន កុមារខ្លះដើរតាមផ្លូវមមាញឹក
អ្នកខ្លះទៀតឆ្លងកាត់ទន្លេ ឬវាលទំនាបលិចទឹក ភាគច្រើនទៅដល់សាលារៀន ប៉ុន្តែជារឿងដ៏សោកសៅ
គឺមានកុមារមួយចំនួន មិនបានទៅដល់សាលា ដោយសុវត្ថិភាពនោះទេ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍
និងលង់ទឹក គណៈករណីផ្សេងទៀត ក៏បណ្ដាលឱ្យកុមារ ជួបគ្រោះថ្នាក់ដូចគ្នានេះដែរ។ ក្នុងនាមយូនីសេហ្វ
លោកបណ្ឌិត មានមោទនភាពដែលបានចូលរួមគាំទ្រយុទ្ធនាការជំរុញការផ្សព្វផ្សាយនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤
មានពលរដ្ឋកម្ពុជា ប្រមាណ ៧,៦នាក់ ក្នុងចំណោម ១០ម៉ឺននាក់ បានស្លាប់ដោយសារការលង់ទឹក ហើយភាគច្រើនជាកុមារ អាយុក្រោម១៥ឆ្នាំ។
អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ បានរំលេចដោយយោងលើរបាយការណ៍អង្គការសុខភាពពិភពលោក។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
ឆ្នាំ២០២៤ បានសម្លាប់មនុស្ស ចំនួន ១ ៥៨៨នាក់ ក្នុងនោះកុមារ និងយុវជន អាយុចន្លោះពី១៥-១៩ឆ្នាំ
ស្ថិតក្នុងចំណោមតួលេខអ្នកស្លាប់ដ៏គួរឱ្យបារម្ភ៕
Post a Comment