បាងកក ជួបទាំងព្យុះភ្លៀង និងរន្ទះបាញ់! អ្នកក្រុងប្រាប់ថា មិនធ្លាប់ជួបគ្រោះកាចបែបនេះ

បាងកក៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥នេះ ទីក្រុងបាងកក បានជួបប្រទះព្យុះភ្លៀងដ៏ខ្លាំងក្លា បណ្តាលឲ្យប៉ើងដំបូលផ្ទះនិងបាក់ដើមឈើសង្កត់យានយន្ត ហើយអ្វីដែលចម្លែកនោះគឺ អ្នកក្រុងបាងកកនាំគ្នានិយា​យ ថា ពួកគេមិនធ្លាប់ជួបគ្រោះធម្មជាតិកាចសាហាវបែបនេះទេ ព្រោះវាមានលាយឡំនឹងរន្ទះបាញ់គួរឲ្យខ្លាចផងដែរ។ 

ប្រាប់ទៅសារព័ត៌មាន Khaosod, ស្រ្តីអាយុ៦៩ឆ្នាំឈ្មោះ Wanlaya និយាយថា នាងរស់នៅខ័ណ្ឌចតុចក្ររាប់ឆ្នាំមកហើយ។ នៅថ្ងៃមានព្យុះ នាងឮសំឡេងរន្ទះបាញ់ មានភ្លៀងខ្លាំងនិងខ្យល់កន្ត្រាក់ដ៏សាហាវ បោកបំប៉ើងរបស់របរហើរពាសវាលពាសកាល។ ដើមឈើក៏បាក់សង្កត់រថយន្ត បង្កការខូចខាត នេះគឺជាហេតុការណ៍ដ៏ធ្ងន់ធ្ងរបំផុតដែលនាងមិនធ្លាប់ជួបប្រទះសោះ។

សូមជម្រាបជាថ្មី ព្យុះបានវាយប្រហារខ័ណ្ឌចតុចក្រ នាវេលាម៉ោង៥:៣០នាទីព្រឹកថ្ងៃសុក្រ បណ្តាលឲ្យមានការបំផ្លិចបំផ្លាញ ប៉ុន្តែមិនមានរបាយការណ៍អំពីមនុស្សរងរបួសទេ។

មិនមែនតែនៅបាងកកទេ ដើមឈើដ៏ធំមួយដើម ក៏បាក់សង្កត់លើរថយន្តជាច្រើនគ្រឿងនៅស្រុក Pak Kret នៃខេត្ត Nonthaburi ផងដែរ ដោយបង្កការបំផ្លិចបំផ្លាញនិងខូចខាត ធ្ងន់ធ្ងរ៕



 

 

Powered by Blogger.