ភ្នំពេញ ៖ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ កម្ពុជា បានស្នើទីបញ្ជាការកងកម្លាំងបូព៌ាថៃ ផ្អាកសកម្មភាពរបស់ខ្លួន គ្រោងដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ព្រោះសកម្មភាពនេះ ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេច ក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
យោងតាមលិខិតរបស់
បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ថា
ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់
(ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ)
ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា
ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុង កិច្ចប្រជុំពិសេសលើកទី១
នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
ដូចនេះ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១
ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាព
ដូចដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើ
ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ ពិសេសលើកទី១
របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០
ខែកញ្ញា ឆ្នាំ២០២៥ ហើយ រង់ចាំការសម្រេចពីថ្នាក់លើ
និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារ JCTF៕


