បេឡារុស នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៉ី នៅចុងឆ្នាំនេះ
មូស្គូ៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ី TASS បានរាយការណ៍ថា បេឡារុសនឹងចាប់ផ្តើមដាក់ពង្រាយ ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៉ី នៅក្នុងខែធ្នូ ចុងឆ្នាំនេះ។
TASS បានរាយការណ៍ដូចខាងលើ
ដោយយោងតាមសម្តីរបស់លោកស្រី Natalya Eismont អ្នកនាំពាក្យប្រធានាធិបតីបេឡារុស
លោក Alexander Lukashenko។ លោកស្រី Eismont បាននិយាយថា ការងារត្រៀមរៀបចំសម្រាប់ការដាក់ពង្រាយពួកវា
គឺជិតចប់រួចរាល់ហើយ។ លោក Lukashenko ផ្ទាល់ បាននិយាយថា
ការដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនេះ គឺជាការឆ្លើយតបចំពោះអ្វីដែលលោកចាត់ទុកថា
ជាការបង្កើនភាពតានតឹងដោយក្រុមលោកខាងលិច។
សូមជម្រាបថា មីស៊ីល Oreshnik
បានបង្ហាញវត្តមានក្នុងការធ្វើសមយុទ្ធយោធារួមគ្នារវាងបេឡារុសនិងរុស្ស៉ី
កាលពីខែមុន។ រុស្ស៉ីបានប្រើប្រាស់មីស៊ីល Oreshnik ជាលើកដំបូង
ប្រឆាំងអ៊ុយក្រែន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤
ដោយកំណត់គោលដៅលើមូលដ្ឋានឧស្សាហកម្មយោធា នៅទីក្រុង Dnipro៕ (ប្រភព៖ Reuters)

Post a Comment