ត្រាំ គំរាមជាថ្មីថា ក្រុមហាម៉ាសនឹងត្រូវបានរលាយចោលទាំងស្រុង បើបំពានបទឈប់បាញ់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២០ ខែតុលា បានគំរាមជាថ្មីថាក្រុមហាម៉ាសនឹងត្រូវបានរំលាយចោលទាំងស្រុង ប្រសិនបើហ៊ានតែបំពានលើបទឈប់បាញ់ជាមួយអ៊ីស្រាអែល ខណៈហាម៉ាស និងអ៊ីស្រាអែលទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកអំពីការបំពានបទឈប់បាញ់កាលពីចុងសប្ដាហ៍កន្លងទៅ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន
អំឡុងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស លោក ត្រាំ
បាននិយាយថា កងទ័ពអាមេរិកនឹងមិនចូលរួមក្នុងប្រតិបត្តិការថ្មី ណាមួយនោះទេ
ជាមួយការសង្កត់ធ្ងន់ថាមានប្រទេសជាច្រើនបានប្ដេជ្ញាចិត្តរួចហើយចំពោះការបញ្ជូនកងទ័ពឱ្យចូលរួមកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិមួយក្នុងតំបន់ហ្កាហ្សា។
លោក ត្រាំបន្ថែមថាឱ្យតែ លោកស្នើសុំ អ៊ីស្រាអែលនឹងចូលទៅកម្ទេចហាម៉ាសភ្លាម
តែពេលនេះលោកមិនចង់ធ្វើបែបនេះឡើយ ពីព្រោះលោកចង់ទុកឱកាសបន្តិចបន្តួច
និងសង្ឃឹមថាអំពើហិង្សានឹងថមថយចុះ។
បើតាមលោក ត្រាំ
បច្ចុប្បន្ន ក្រុមហាម៉ាសបានចុះទន់ខ្សោយយ៉ាងខ្លាំង និងអះអាងថាអ៊ីរ៉ង់ដែលជាអ្នកគាំទ្រចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះទំនងជាមិនហ៊ានធ្វើអន្តរាគមន៍អ្វីទេ
ក្រោយ រងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីប៉ុន្មានខែមុន។
បើតាមក្រុមមន្ត្រីប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា
អំពើហិង្សាបានផ្ទុះឡើងជាច្រើនលើកចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយមួយ
សម្របសម្រួលដោយសហរដ្ឋអាមេរិកចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា
ដោយមានជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៩៧នាក់ត្រូវបានសម្លាប់៕ (ប្រភព៖ AFP)

Post a Comment