គម្រោងវិនិយោគថ្មីចំនួន៨ ទុនសរុបជាង ៧៤លានដុល្លារ កំពុងដាក់ស្នើសុំការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៧៤.៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល) និងវិស័យឧស្សាហកម្មចំនួន ៧គម្រោង (ផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់, ផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក), ផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈបន្ទាប់បន្សំរថយន្ត និងកប៉ាល់, ផលិតប្រដាប់ប្រដារក្មេងលេង, និងផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់ចង្ក្រាន្ត និងទូចង្ក្រាន្ត (ពីលោហធាតុកែច្នៃ)។

គម្រោងវិនិយោគទាំង៨នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង៕







 

Powered by Blogger.