រដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព កក់ក្ដៅ បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏សែនមនោរម្យ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីជជែកលើវិថីទេសចរណ៍ ក្រោមប្រធានបទ «សិល្បៈជាជ្រុងមួយនៃទេសចរណ៍» និង «ទេសចរណ៍សម័យបច្ចេកវិទ្យា» នៅផ្លូវថ្មើរជើងចតុមុខ (Walk Street)

នេះជាកម្មវិធីកម្សាន្តថ្មីមួយដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យទេសចរណ៍មានជាអាទិ៍ ការចូលរួមចំណែកក្នុងយុទ្ធនាការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង, ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ការបំផុសស្មារតីសេ្នហាជាតិ ស្រឡាញ់មាតុភូមិ ចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបិយ និងអរូបិយ សម្បត្តិធម្មជាតិ មរតកវប្បធម៌ប្រវត្តិសាស្ត្រ សិល្បៈ ជាពិសេសលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី, ឧកញ៉ា លោក លោកស្រីតំណាងឱ្យក្រុមហ៊ុន R.V Clip Media, ដៃគូសហការឧបត្ថម្ភ, វាគ្មិនកិត្តិយស, លោកសាស្ត្រាចារ្យ, សិល្បៈករ សិល្បៈការិនី, អ្នកផលិតមាតិកាព័ត៌មាន, Influencers, KOLs ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាអាចជួបជុំគ្នា រៀបចំកម្មវិធីសប្បាយរីករាយដូចថ្ងៃនេះគឺ ដោយសារប្រទេសយើងស្ថិតនៅក្នុងម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានភាពរឹងមាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខដុមនីយកម្មនៅក្នុងសង្គម បានកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បន្តមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោរពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកកម្មប្រកបដោយភាពស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កម្មវិធីជជែកលើវិថីទេសចរណ៍ នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈចូលរួម គំនិតផ្តួចផ្តើម ស្មារតីរួបរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ ឯកជន ប្រជាជន និងដៃគូសហការនានាបានរួបរួមគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ(Walk Street) ក៏ដូចជាគោលដៅទេសចរណ៍នានា ឱ្យបានច្រើនកុះករ និងដើរកម្សាន្តប្រកបដោយទំនុកចិត្ត កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព មានការទទួលស្វាគមន៍រាក់ទាក់កក់ក្ដៅ ព្រមជាមួយនឹងសក្ដានុពលទេសចរណ៍សម្បូរបែប, គួបផ្សំនឹងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏យូរលង់, ម្ហូបអាហារឆ្ងាញ់ពិសារ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជា «ស្នាមញញឹមកម្ពុជា» ភាពស្លូតបូត និងការស្រលាញ់រាប់អានរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា៕











 

Powered by Blogger.