អង់គ្លេស នឹងបញ្ជូនយន្តហោះច​ម្បាំងចូលរួមបេសកម្ម NATO នៅលើដែនអាកាសប៉ូឡូញ

ឡុងដ៍ យន្តហោះចម្បាំងអង់គ្លេស នឹងចូលរួមប្រតិបត្តិការមួយរបស់អង្គការណាតូ (NATO) ដើម្បីជួយដល់ប៉ូឡូញការពារដែនអាកាស បន្ទាប់ពីមានឧប្បត្តិហេតុដ្រូនរុស្ស៉ី បំពានដែនអាកាសប៉ូឡូញ កាលពីសប្តាហ៍មុន។

ក្រសួងការពារជាតិអង់គ្លេសប្រកាសថា «យន្តហោះចម្បាំងរបស់ខ្លួននឹងហោះហើរ ក្នុងបេសកកម្មការពារដែនអាកាសប៉ូឡូញ ដើម្បីទប់ទល់នឹងការគំរាមកំហែងលើអាកាស ពីសំណាក់ប្រទេសរុស្ស៉ី រួមទាំងយន្តហោះដ្រូន។ បេសកកម្មនៃយន្តហោះចម្បាំង RAF Typhoons នឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខ»។ ថ្មីៗនេះ ប្រមុខ NATO លោក Mark Rutte បាននិយាយថា សម្ព័ន្ធមិត្តនឹងពង្រឹងការការពារផ្នែកខាងកើតរបស់ខ្លួន បន្ទាប់ពីការវាយឆ្មក់ដោយដ្រូនរុស្ស៉ី ចូលទៅក្នុងដែនអាកាសប៉ូឡូញ។

សូមជម្រាបថា ប៉ូឡូញ និងសម្ព័ន្ធមិត្តណាតូ បានបាញ់ទម្លាក់ដ្រូនរុស្ស៉ី នៅលើដែនអាកាសរបស់ប៉ូឡូញជាលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ ក្រោយមកនៅថ្ងៃសៅរ៍សប្តាហ៍មុន រូម៉ានី ក៏បានរាយការណ៍ពីវត្តមានដ្រូនរុស្ស៉ី ឆ្លងកាត់ដែលអាកាសរបស់ខ្លួនផងដែរ៕ (ប្រភព៖ AFP)



 

Powered by Blogger.