បទសម្ភាសន៍ពិសេសនិងកិច្ចប្រជុំសន្ទនាមួយចំនួននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនផ្តោតលើគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល

បរទេស៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ មជ្ឈមណ្ឌលកម្មវិធីភាសាអង់គ្លេសនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដាក់ចេញកម្មវិធីបទសម្ភាសន៍ពិសេសជាន់ខ្ពស់និងកិច្ចប្រជុំសន្ទនាតុមូលមួយចំនួនក្រោមចំណងជើងថា «គំនិតផ្តួចផ្តើមចិននិងអនាគតពិភពលោក» ដោយអញ្ជើញមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ អ្នកទទួលខុសត្រូវអង្គការអន្តរជាតិ និងភ្ញៀវកិត្តិយសមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម បញ្ញវន្តនិងប្រព័ន្ធសារព័ត៌មានរបស់ប្រទេសនានាដូចជាសហរដ្ឋអាមេរិក បារាំង បេឡារុស អាល់ហ្សេរី អេហ្ស៊ីប កាហ្សាក់ស្ថាន ម៉ិកស៊ិក អ៊ុយរូហ្គាយនិងនីការ៉ាហ្គាជាដើម ដើម្បីរួមគ្នាពិភាក្សាអំពីគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ។

លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា គំនិតផ្តួចផ្តើមមួយចំនួនដែលលើកឡើងដោយថ្នាក់ដឹកនាំរបស់ចិនបានឆ្លើយតបយ៉ាងច្បាស់លាស់នឹងបញ្ហាជាក់ស្តែង ដែលស៊ីសង្វាក់គ្នានឹងប្រធានបទពិភាក្សាដែលអង្គការសហប្រជាជាតិយកចិត្តទុកដាក់ គឺបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ និងទំនួលខុសត្រូវរបស់ប្រទេសធំ ។

លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោកបានវាយតម្លៃយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលើកឡើងដោយប្រទេសចិន កោតសរសើរចិនដែលគាំពារប្រព័ន្ធពាណិជ្ជកម្មសកលដែលចាត់ទុកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ព្រមទាំងកោតសរសើរប្រទេសចិនដែលរួមចំណែកសម្រាប់គាំទ្រការអភិវឌ្ឍរបស់ប្រទេសសកលខាងត្បូង ។

នៅពេលដ៏ខ្លីខាងមុខនេះ បណ្តាញទូរទស្សន៍សកល CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏នឹងដាក់ចេញកម្មវិធីបទសម្ភាសន៍ពិសេសជាន់ខ្ពស់និងកិច្ចប្រជុំសន្ទនាតុមូលមួយចំនួនក្រោមចំណងជើងថា «គំនិតផ្តួចផ្តើមចិននិងអនាគតពិភពលោក» ជាបន្តបន្ទាប់ដែរ ៕



Powered by Blogger.