អ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកនៅទីក្រុងហ្កាហ្សាយ៉ាងខ្លាំងក្លា ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក បានទៅដល់

ហ្កាហ្សា កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញអគារលំនៅដ្ឋានយ៉ាងហោចណាស់ ៣០ខ្នងនៅក្នុងទីក្រុងហ្កាហ្សា និងបានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានមកដល់នៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីអនាគតនៃជម្លោះនេះ។

អ៊ីស្រាអែលបានប្រកាសថា ខ្លួនមានផែនការគ្រប់គ្រងទីក្រុងនេះ ដែលមានប្រជាជនប៉ាឡេស្ទីនប្រហែលមួយលាននាក់កំពុងជ្រកកោន ជាផ្នែកមួយនៃគោលដៅដែលបានប្រកាសរបស់ខ្លួនក្នុងការកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយបានបង្កើនការវាយប្រហារលើអ្វីដែលខ្លួនហៅថាជា «បន្ទាយចុងក្រោយ» របស់ហាម៉ាស។

លោក Rubio បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ពិភាក្សាអំពីរបៀបដោះលែងចំណាប់ខ្មាំង ៤៨នាក់ ដែលក្នុងនោះគេជឿថា ២០នាក់នៅមានជីវិត និងការកសាងតំបន់ឆ្នេរនេះឡើងវិញ។ លោកបានបញ្ជាក់មុនពេលចេញដំណើរទៅកាន់អ៊ីស្រាអែលថា «អ្វីដែលបានកើតឡើង គឺបានកើតឡើងហើយ។ យើងនឹងជួបជាមួយពួកគេ (ថ្នាក់ដឹកនាំអ៊ីស្រាអែល)។ យើងនឹងពិភាក្សាអំពីអ្វីដែលនឹងកើតឡើងនាពេលអនាគត»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសនៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃអង្គារ សំដៅលើមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ដែលជាការវាយប្រហារមួយនាំឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយ។ ស្របពេលជាមួយគ្នានេះ កាតានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបន្ទាន់អារ៉ាប់-អ៊ីស្លាមនៅថ្ងៃចន្ទ ដើម្បីពិភាក្សាពីជំហានបន្ទាប់៕ (ប្រភព៖ Reuters)





 

Powered by Blogger.