ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាសងបំណុលសាធារណៈជិត ៣០០លានដុល្លារ
ភ្នំពេញ៖ យោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបានសងបំណុលសាធារណៈ ក្នុងទំហំទឹកប្រាក់ជិត ៣០០ លានដុល្លារអាម៉េរិក កើនឡើង២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
យោងតាមព្រឹត្តិបត្របំណុលសាធារណៈ
ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់យ៉ាងដូច្នេះថា «ការទូទាត់បំណុល ក្នុងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥
រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៥៩.១១ លានដុល្លារអារម៉េរិក ដែលជារួម
ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានទូទាត់ សេវាបំណុល សរុបចំនួន ២៩៦.៩៥
លានដុល្លារអាមេរិក»។
ការទូទាត់ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានប្រមាណ
២៦៧.៧០លានដុល្លារអាម៉េរិក ក្នុងនោះ ប្រាក់ដើម ២១២.៣០លានដុល្លារអាម៉េរិក
និងការប្រាក់ និងកម្រៃផ្សេងៗ ៥៥.៤០ លានដុល្លារអាម៉េរិក។ ចំណែកក្របខ័ណ្ឌ
បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ២៩.២៥ លានដុល្លារអាម៉េរិក
ក្នុងនោះប្រាក់ដើម ២៦.៨២ លានដុល្លារអាម៉េរិក និងការប្រាក់២.៤៤
លានដុល្លារអាម៉េរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ
ការទូទាត់សេវាបំណុលសរុបក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ មានកំណើនប្រមាណ ២៩%។
បើតាមក្រសួងសេដ្ឋកិច្ច
គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបចំនួន
១២.៦៧ ប៊ីលានដុល្លារអាម៉េរិក ដោយគិតទាំងបំណុលមរតក ខណៈរដ្ឋាភិបាលវាយតម្លៃថា
បំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិត
ទាប» ដដែល។
ក្នុងចំណោមបំណុលជាង១២ប៊ីលានដុល្លារនេះ
ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ ១២.៥៤ ប៊ីលានដុល្លារអាម៉េរិក
ជាបំណុលសាធារណៈក្រៅប្រទេស និង១%ត្រូវនឹងប្រមាណ១២៨.៥០ លានដុល្លារអាម៉េរិក
ជាបំណុលសាធារណៈក្នុងប្រទេស។ បំណុលសាធារណៈទាំងនេះ រួមមាន៖ ៤៦% ជាដុល្លារអាម៉េរិក, ១៨% ជាអេសដេអ៊ែ, ១១% ជាយេន ជប៉ុន, ១០% ជាយ័នចិន, ៨% ជាអឺរ៉ូ និង ៧%ទៀត
ជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។
ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងផងដែរថា
នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នេះ
រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន
១១៦.៦៦ លានដុល្លារអាម៉េរិក ដែលស្មើនឹង ៨៤.៥០ លានអេសដេអ៊ែរ។ ជារួម ក្នុងឆមាសទី១
ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ច ព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា
សរុបចំនួន ១៩៦.៤៨ លានដុល្លារអាម៉េរិក ឬស្មើនឹង ១៤២.៣១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ
៧% នៃពិតានដែលច្បាប់អនុញ្ញាត។
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ
ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ មានការថយចុះ
ប្រមាណ ៣៧%។ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិត សម្បទានខ្ពស់
ដោយមានធាតុអំណោយជាមធ្យមប្រមាណ៣៦%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ
គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល
សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេល និងបង្កើនផលិតសេដ្ឋកិច្ច
ឬផលិតភាពផលិតកម្ម។
យ៉ាងនេះក្តីក្រសួងសេដ្ឋកិច្ចបានវាយតម្លៃបឋមលើការវិភាគចីរភាពបំណុល
រហូតដល់ដំណាច់ឆ្នាំ២០២៥ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា
ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺ កូវីដ-១៩
និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាព បំណុលសាធារណៈកម្ពុជា
នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រង បានពោលគឺ នៅតែមាន «ចីរភាព»
និង «ហានិភ័យកម្រិត ទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល
ក្នុងនោះអនុបាតតម្លៃ បច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស
មានត្រឹមកម្រិត ១៨,៤% ធៀបនឹងអនុបាតគោល ៤០%។
យោងតាមក្រសួងសេដ្ឋកិច្ច
កម្ពុជាជំពាក់បំណុលចិនច្រើនជាងគេរហូតដល់ ៣៣%, ជប៉ុន ១១ %
, កូរ៉េ ៦%, បារាំង៦% និងបំណុលមរតក
៥%៕
Post a Comment