អ្នកនាំពាក្យក្រសួងការពារជាតិ ឆ្លើយតបទៅនឹងការលើកឡើងរបស់ភាគីថៃជុំវិញបញ្ហាតាំងទីលំនៅរបស់ពលរដ្ឋខ្មែរនៅភូមិឯកភាព ឃុំថ្មដា
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃ១៦ កញ្ញានេះ បានឆ្លើយតaបទៅភាគីថៃដែលលើកឡើងពីជុំវិញ បញ្ហាតាំងទីលំនៅរបស់ពលរដ្ឋខ្មែរនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។
បើតាមលោកស្រី កាលពីពេលថ្មីៗនេះ
មានគេហទំព័រផ្លូវការមួយចំនួនក្នុងនោះរួមមានគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ
និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង
និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង
ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។
លោកស្រីថា ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ
កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ តាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១
ខែកុម្ភៈ ឆ្នាំ២០២២ ហើយក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។ ដោយឡែក
បញ្ហាដែលនៅសេសសល់ដទៃទៀតដែល មិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន
ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា
បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC)
ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា
រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង
និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។
លោកស្រីបន្តថា ក្នុងពេលដំណាលគ្នានេះ
កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង
និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល
ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព
ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ
ដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)
និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ ឆ្លៀតក្នុងឱកាសនេះ
កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត
ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍
សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕
Post a Comment