ឧត្តមសេនីយ៍ទោ ហេង វុទ្ធី នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិតីចែកជូននិវត្តន៍ជន និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ
ខេត្តកំពង់ចាម÷ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនៃស្នងការដ្ធាននគរបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក សុីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងពង្រឹងវិធានការជំនាញ ព្រមទាំងពិធីសំណេះសំណាល ជាមួយកងកម្លាំង និងនិវត្តន៍ជន ជាអតីតនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ។
ក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងអភិបាលស្រុកជើងព្រៃ ជាប្រធានកិត្តិយសស្រុក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូននិវត្តន៍ជន ចំនួន២០នាក់ ដែលមានជីវភាពលំបាក និងបាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសក្នុងពិធីកាន់បិណ្ឌ និង ពិធីបុណ្យភ្ជុំបិណ្ឌ ខាងពេលមុខនេះ។ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានផ្ដល់អនុសាសន៍ណែនាំ និងចែករំលែកនូវបទពិសោធន៍អនុវត្តការងារកន្លងមកដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពការងារជំនាញ ព្រមទាំងឱ្យគ្រប់កងកម្លាំង បន្តការខិតខំបម្រើសេវាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក មេបញ្ជាការសឹករងស្រុក អាវុធហត្ថស្រុក លោក-លោកស្រី មេឃុំ និងកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងមន្ត្រីពាក់ព័ន្ធសាលាស្រុកជើងព្រៃ ផងដែរ ៕
Post a Comment