សេចក្តីបំភ្លឺរបស់យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោល និងបំភ្លឺចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរុះរើ ផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរី ថាជាការកាត់ដីកម្ពុជាទៅឲ្យប្រទេសថៃនោះ គឺជាការមិនពិត និងប្រាស់ចាកទាំងស្រុងពីស្មារតី នៃខ្លឹមសារលិខិតលេខ ០០២/២០២៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ និងគ្មានមូលដ្ឋានផ្លូវច្បាប់ ដោយហេតុថាការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។

ជាមួយគ្នានេះ ការអះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែម ផងដែរ នៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់ថាកម្ពុជានិងថៃ គឺមានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញ ឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលជាមួយគ្នាចំនួន ៧៤បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU2000)

ជាថ្មីម្តងទៀត យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការ ការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឲ្យបានជាដាច់ខាត និងសូមប្រកាសគាំទ្រការដោះស្រាយបញ្ហា ព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕







 

Powered by Blogger.