ពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័សជិត១ពាន់គ្រួសារនៅស្រុកកោះញែក និងកែវសីមាទទួលអំណោយសង្រ្គោះបន្ទាន់ពីកាកបាទក្រហមកម្ពុជា

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ធងាយរងគ្រោះបំផុត និងប្រជាពលរដ្ធរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើងអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាក់ស្តែងដើម្បីឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ធរងគ្រោះដោយទឹកជំនន់រហ័សចំនួន ៩៥០គ្រួសារ នៅស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ពិធីជួបសំណេះសំណាល និងចែកអំណោយនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលបានធ្វើឡើងនៅទីតាំងចំនួន ៣ផ្សេងៗគ្នាគឺ៖ ទីតាំងទី១ នៅវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក មានប្រជាពលរដ្ធរងគ្រោះចំនួន ៥០១គ្រួសារ មកពីឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃុំរយ៉, ទីតាំងទី២ នៅអនុវិទ្យាល័យសុខសាន្ត ស្ថិតក្នុងភូមិទួល ឃុំអបួនលើ ស្រុកកោះញែក មានប្រជាពលរដ្ធរងគ្រោះចំនួន ២៩០គ្រួសារ មកពី ឃុំអបួនលើ និងឃុំសុខសាន្ត និងទីតាំងទី៣ នៅវិទ្យាល័យមេម៉ង់ មានប្រជាពលរដ្ធរងគ្រោះចំនួន ១៥៩គ្រួសារ មកពីឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សូមជម្រាបជូនថា គ្រួសាររងគ្រោះនីមួយៗ ទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។
នាឱកាសនោះដែរ អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យស្ថានភាពទូទៅ នៃហេដ្ឋារចនាសម្ព័ន្ធនានា និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។

ឯកឧត្តម ថង ដាវុន បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងកន្លងមកនៅខេត្តមណ្ឌលគិរី បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១.០០០គ្រួសារ សត្វពាហនៈមួយចំនួនត្រូវបានងាប់ ខូចខាតដំណាំ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅស្រុកកោះញែក និងស្រុកកែវសីមា តែមិនបណ្តាលឱ្យមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ឯកឧត្តម ថង សាវុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង និងស្វែងរកទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ហើយអាជ្ញាធរមូលដ្ឋាននៅតែបន្តចាំជួយជម្លៀសប្រជាពលរដ្ឋ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីទឹកជំនន់នេះផងដែ៕











Powered by Blogger.