កម្ពុជា សម្តែងការព្រួយបារម្ភចំពោះការចោទប្រកាន់របស់ថៃ ដែលហាក់ដូចបង្ហាញថា ពលរដ្ឋខ្មែរកំពុងឈ្លានពានទឹកដីថៃ១៧ទីតាំង
ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេសបានបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើពលរដ្ឋខ្មែរថា កំពុងតែធ្វើសកម្មភាពឈ្លានទឹកដីថៃចំនួន១៧ទីតាំង នៅតាមបណ្តាខេត្តជាប់ព្រំដែន ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួង
ការបរទេសខ្មែរ នាថ្ងៃទី២៥ កញ្ញា បានឲ្យដឹងថា “ សូមសម្តែង
នូវការព្រួយបារម្ភជាខ្លាំង ចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការ
នានារបស់ប្រទេសថៃ ជាពិសេសគេហទំព័រ របស់ការិយាល័យអ្នកនាំពាក្យ កងទ័ពជើងទឹកថៃ
និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The
Nation (ប្រទេសថៃ) ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់
ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់
នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ”។
ក្រសួងបន្តថា ជារឿងសំខាន់
ដែលត្រូវទទួលស្គាល់ការពិតថា ខណៈប្រទេសទាំងពីរ មិនទាន់បានកំណត់ខណ្ឌសីមា
នៅតំបន់មួយចំនួន នៃព្រំដែនរួមគ្នា ប្រជាជនទាំងសងខាងបានរស់នៅ និងបង្កបង្កើនផល
អស់ជាច្រើនទសវត្សរ៍មកហើយ លើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន ។ ការណ៍នេះ
បានបង្កឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នា ដែលភាគីទាំងពីរ បានដោះស្រាយប្រកប
ដោយស្មារតី មិត្តភាព តាមរយៈគណៈកម្មាធិការ ព្រំដែនទូទៅ និងបានឯកភាពបញ្ជូនបញ្ហា
ស្មុគស្មាញទាំងនេះ ទៅគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC)
ដើម្បីដោះស្រាយ ស្របតាម អនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការវាស់វែង
និងខណ្ឌសីមាព្រំដែនគោក ដែលត្រូវបានចុះ ហត្ថលេខាក្នុងឆ្នាំ២០០០ (MOU-2000) ។
ក្រសួងបញ្ជាក់ថា
ក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការ ព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា
ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមុនៗ
ដោយមិនធ្វើសកម្មភាពណា ដែលអាចបង្កើនភាពតានតឹង ឬពង្រីកតំបន់ជម្លោះ ។ កម្ពុជាបាននិង
កំពុងអនុវត្តយ៉ាងតឹងរ៉ឹងចំពោះលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ។ ហេតុនេះ
មិនមែនជាកាយវិការស្ថាបនាទេ ដែលមានការបំផុសបញ្ហា ដូចបានប្រកាសជាសាធារណៈ
ដោយកងទ័ពជើងទឹកថៃ ដែលបញ្ហានេះ ត្រូវបានដោះស្រាយសមស្របរួចហើយ ។
កម្ពុជាអំពាវនាវឱ្យភាគីថៃ លើកបញ្ហានេះមកដោះស្រាយក្នុងកិច្ចប្រជុំ
គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក គ្រោងនឹងជួបគ្នានៅខែក្រោយ ។
ជាមួយគ្នានេះ ក្រសួងការបរទេស បញ្ជាក់ឡើងវិញ
នូវការប្តេជ្ញាចិត្ត ដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់កម្ពុជា ក្នុងការស្វែង
រកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះរាល់វិវាទព្រំដែន ជាមួយប្រទេសថៃ
ក៏ដូចជាជាមួយប្រទេសជិត ខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ
ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សា គោលជំហររបស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ
ដោយការប្រើកម្លាំងនោះទេ ៕




Post a Comment