រដ្ឋមន្រ្តីការពារជាតិ៖ កងកម្លាំងកម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយរំលោភបំពានលើកិច្ចព្រមព្រៀង បទឈប់បាញ់ឡើយ
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រកាសថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។
ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការពារជាតិ
បានធ្វើឡើងតាមបណ្តាញសង្គម បន្ទាប់ពី មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ
និងសារព័ត៌មានរបស់ថៃមួយចំនួន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះផ្សាយថា «កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២» ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក,
រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។
ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងដូច្នេះថា «ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា
កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ
ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ»។
បើតាមរដ្ឋមន្រ្តីការពារជាតិ, កងកម្លាំងរបស់កម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ
ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ
បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត
ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត
កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ
ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ
តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ
ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕


Post a Comment