ហ្សេលេនស្គី ជួបមេដឹកនាំអឺរ៉ុបនៅប៉ារីស ដើម្បីចរចាលើការធានាសន្តិសុខ

ប៉ារីស៖ មេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ដើម្បីឯកភាពគ្នាលើការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលបីឆ្នាំកន្លះ។

ការធានាទាំងនេះ ដែលត្រូវបានផ្តល់ដោយអ្វីដែលគេហៅថា «ក្រុមចម្រុះនៃប្រទេសមានឆន្ទៈ» ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំងការបង្កើនការបណ្តុះបណ្តាលសម្រាប់កងទ័ពអ៊ុយក្រែន និងការដាក់ពង្រាយកងទ័ពដោយរដ្ឋអឺរ៉ុបមួយចំនួន ដែលជាចំណុចដែលបានធ្វើឲ្យរុស្ស៊ីប្រតិកម្មយ៉ាងខ្លាំង។

កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីបង្ហាញឲ្យឃើញថាអឺរ៉ុបអាចធ្វើសកម្មភាពដោយឯករាជ្យពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលនេះ ដែលប្រព្រឹត្តទៅក្រោមសហអធិបតីភាពរបស់លោក ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer មានគោលបំណងពង្រឹងផែនការលើការធានាសន្តិសុខ និងដើម្បីទទួលបានរូបភាពកាន់តែច្បាស់លាស់អំពីការចូលរួមរបស់សហរដ្ឋអាមេរិក។

សូមជម្រាបថា រុស្ស៊ីបានរិះគន់ចំអកចំពោះការធានាបែបនេះ ហើយលោក ពូទីន ផ្ទាល់បាននិយាយថា ទីក្រុងមូស្គូត្រៀមខ្លួនរួចរាល់ហើយក្នុងការ «ដោះស្រាយរាល់ភារកិច្ចរបស់ខ្លួនតាមមធ្យោបាយយោធា» ក្នុងករណីគ្មានកិច្ចព្រមព្រៀង។ ក្រុមចម្រុះនៃប្រទេសមានឆន្ទៈនេះ រួមមានប្រហែល ៣០ប្រទេស ដែលភាគច្រើនជាប្រទេសអឺរ៉ុប។ សហរដ្ឋអាមេរិកត្រូវបានតំណាងដោយបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff ហើយកិច្ចប្រជុំកំពូលនេះនឹងត្រូវបន្តដោយការសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ផងដែរ៕ (ប្រភព៖ Reuters)



 

Powered by Blogger.