អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សា​ នៅរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សា​ នៅរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា តាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា, កម្ពុជាកំពុងទទួលរងនូវឥទ្ធិពល ខ្យល់មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ជញ្ជាំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឱ្យដីជ្រោយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់នៅក្នុងអំឡុង ពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសូមមេត្តាកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្តាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់មេត្តា បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមការគួរ៕




 

Powered by Blogger.