ប្រធានរដ្ឋសហព័ន្ធម៉ាឡាកា សន្យាជួយអភិវឌ្ឍន៍ទេសចរណ៍មូស្លីមជាមួយកម្ពុជា និងបន្តគម្រោងបេសកកម្មមនុស្សធម៌

ម៉ាឡេស៊ី៖ លោក TUN Seri Stia Dr. Haji Mohd Ali Bin Mohd Rustam ប្រធានរដ្ឋសហព័ន្ធម៉ាឡាកា ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការពិភពម៉ាឡាយូ ពិភពឥស្លាម (Dunia Melayu Dunia Islam, DMDI) បានអនុញ្ញាតជូនគណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋសហព័ន្ធម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនៃជំនួប រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនអំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច និងទេសចរណ៍នៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដែលអង្គការ DMDI បានជ្រើសរើសកម្ពុជាជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទរបស់អង្គការពិភពម៉ាឡាយូ ពិភពឥស្លាម (Dunia Melayu Dunia Islam, DMDI) លើកទី២១ ដែលត្រូវបានរៀបចំជាលើកដំបូង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលអង្គការ DMDI បានបំពេញបេសកកម្មមនុស្សធម៌ជាច្រើននៅកម្ពុជា មានជាអាទិ៍ ការងារអប់រំ សាសនា និងជំនួយមនុស្សធម៌។ សូមបញ្ជាក់ថា អង្គការ DMDI ប្រមូលផ្តុំបណ្តាប្រទេសសមាជិក ប្រជាជនមូស្លីមម៉ាឡេ ពាណិជ្ជករ ជាមួយបណ្តាប្រទេសដែលមានប្រជាជនកាន់សាសនាមូស្លីមចំនួន ២៣ប្រទេស ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ, ក្នុងនោះកម្ពុជាបានចូលជាសមាជិករបស់អង្គការ DMDI នៅឆ្នាំ២០១២។

លោកប្រធានរដ្ឋសហព័ន្ធម៉ាឡាកា និងលោករដ្ឋមន្ត្រី បានពិភាក្សាអំពី ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ មានជាអាទិ៍ ទេសចរណ៍វេជ្ជសាស្ត្រ, ទេសចរណ៍សាសនា, ទេសចរណ៍ម្ហូបអាហារ, ទេសចរណ៍អប់រំ, ទេសចរណ៍ MICE, ទេសចរណ៍កីឡា និងការផ្លាស់ប្តូរយុវជន។

តបតាមការស្នើសុំរបស់រដ្ឋមន្ត្រី ហួត ហាក់, លោកប្រធានរដ្ឋសហព័ន្ធម៉ាឡាកា និងជាប្រធានអង្គការ DMDI នឹងជួយជំរុញទេសចរណ៍មូស្លីមរវាងកម្ពុជា និងរដ្ឋម៉ាឡាកា, ជំរុញវិនិយោគិននៅក្នុងបណ្តាញ DMDI ជាពិសេសផ្នែកទេសចរណ៍មកបណ្តាក់ទុននៅកម្ពុជា ដើម្បីអភិវឌ្ឍទេសចរណ៍មូស្លីម និងបន្តគម្រោងបេសកកម្មមនុស្សធម៌នៅកម្ពុជា៕









 

Powered by Blogger.