រដ្ឋមន្ដ្រីអប់រំ លើកទឹកចិត្តឱ្យគ្រឹះស្ថាន បន្តជំរុញលើកកម្ពស់ គុណភាពការសិក្សា ដោយធ្វើទំនើបកម្ម កម្មវិធីសិក្សា
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត ឱ្យគ្រឹះស្ថានសិក្សា បន្តជំរុញលើកកម្ពស់ គុណភាពការសិក្សា ដោយធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើបឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិត (AI)។
ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី
នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត
និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម
ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្រ្តីរាជការ
និងបុគ្គលិកសិក្សានៃគ្រឹះស្ថាន ឧត្តមសិក្សាកសិកម្មទាំងបី ដែលបានយកអស់ពេលវេលា
កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស
ដែលជាបុរេលក្ខខណ្ឌ និងមូលដ្ឋានគ្រឹះដ៏សំខាន់
បំផុតក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ
ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «សូមលើកទឹកចិត្តឱ្យគ្រឹះស្ថានទាំង៣ បន្តកិច្ចខិតខំបន្តទៀត
តាមរយៈអនុសាសន៍មួយចំនួន ត្រូវបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា
ដោយធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើបឌីជីថល
និងបច្ចេកវិទ្យាសិប្បនិម្មិត (AI), បង្កើនសមត្ថភាព
សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ, បំពាក់សម្ភារៈឧបករណ៍ចាំបាច់
និងទាញយកសក្តានុពលឱ្យអស់ពីលទ្ធភាពពីគម្រោងកែលម្អការអប់រំឧត្តមសិក្សា»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ដថា
ត្រូវបង្កើនការស្រាវជ្រាវ និង អនុវត្តផ្ទាល់ឱ្យកាន់តែច្រើនថែមទៀតសម្រាប់និស្សិត
ដោយអភិវឌ្ឍមាតិកា ស្រាវជ្រាវល្អៗលើមុខជំនាញឯកទេស ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និង
ការអនុវត្តជាក់ស្តែង និងបង្កើតជាកញ្ចប់បច្ចេកវិទ្យា និងសេវាកម្ម ដើម្បីជួយគាំទ្រ
និង ផ្តល់ដំណោះស្រាយដល់កសិករ និងវិស័យឯកជន នៅក្នុងខ្សែ ច្រវាក់ផលិតកម្ម ចាប់តាំង
ពីការដាំដុះ រហូតដល់ការកែច្នៃ ជាផលិតផលសម្រាប់ ផ្គត់ផ្គង់តម្រូវការក្នុង ស្រុក
និងការនាំចេញ។ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ
ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនឱកាសដល់និស្សិតក្នុងការចុះកម្មសិក្សា និង
អនុវត្តផ្ទាល់៕
Post a Comment