កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៤លាននាក់ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥
ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលទេសចរអន្តរជាតិមានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧.២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ នេះបើតាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សារលិខិតដដែលបានបញ្ជាក់បន្ថែមថា
ក្នុងឆ្នាំ២០២៤ កន្លងទៅកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦.៧លាននាក់ កើនឡើង ២២.៩%
ទេសចរជាតិមានចំនួន ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបជាមួយរយៈពេលដូចគ្នា ឆ្នាំ២០២៣
ចំណូលពីទេសចរណ៍អន្តរជាតិមានចំនួន ៣ ៦៣៧លានដុល្លារអាម៉េរិក ដោយរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ
៩.៤% ជាមួយនឹងការបង្កើតមុខរបរប្រមាណ ៥១ម៉ឺននាក់។
បើតាមការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន
ម៉ាណែត,
ភាពរីកចម្រើននៃវិស័យទេសចរណ៍ ជាបន្តបន្ទាប់
គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច
និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានវិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើក
តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល
និងចលករ ជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា
ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ
សណ្តាប់ធ្នាប់សង្គមល្អប្រសើរ កម្ពុជាបន្តជាគោលដៅទេសចរណ៍ដែលមាន សុវត្ថិភាព
ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី
ជាពិសេសបានធ្វើឱ្យ វិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ
ចុងក្រោយនេះ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតីនៅតែមាន
សុទិដ្ឋិនិយមថាវិស័យទេសចរណ៍ បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់
តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល
ការជំរុញការនាំចេញនៅនឹងកន្លែងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្សវប្បធម៌
និងការថែរក្សា ការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព
និងការទទួលខុសត្រូវខ្ពស់៕






Post a Comment