ក្រសួងទេសចរណ៍ ណែនាំប្រតិបត្តិករទេសចរណ៍១១ចំណុច ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំស្ដីពី «ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ក្រសួងទេសចរណ៍ បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដូចខាងក្រោម៖

ទី១៖ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពតាម មូលដ្ឋានអាជីវកម្ម

ទី២៖ ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការ ពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍

ទី៣៖ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ

ទី៤៖ ត្រូវរៀបចំចំណតរថយន្ត ឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្ម អាជីវកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានស្លាកសញ្ញាសម្គាល់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និងយានយន្ត ដោយគ្មានសណ្តាប់ធ្នាប់ដែលអាចបង្កផលប៉ះពាល់ ដល់ចរាចរណ៍លើផ្លូវសាធារណៈ

ទី៥៖ ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅ ផ្នែកខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម

ទី៦៖ ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់ ស្របតាមការណែនាំលេខ០១៨ សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍ រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃទីតាំងអាជីវកម្ម សូមបង្ហាញអំពី វប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ទី៧៖ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ

ទី៨៖ ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកអំពីការផ្តល់សេវាល្អ បដិសណ្ឋារកិច្ចល្អ និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំង រៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ជាពិសេសស្នើសុំឱ្យមានការ រំលេចលក្ខណៈជាខ្មែរ

ទី៩៖ ត្រូវយកចិត្តទុកដាក់ ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបានញឹកញាប់ និងមានសម្ភារគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ កន្សែងជូតដៃ ក្រដាសជាដើម និង សូមបែងចែករវាងបន្ទប់ទឹកបុរស-នារី ដើម្បីរក្សាឱ្យមានសុវត្ថិភាព

ទី១០៖ ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមឱ្យបានសកម្ម នូវយុទ្ធនាការក្រោមទិសស្លោកចំនួន ៣រួមមាន ទី១ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍» ទី២ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និងទី៣ «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា»

ទី១១៖ ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួង ទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕





 

Powered by Blogger.