អាមេរិក បង្ហាញចំណាប់អារម្មណ៍បន្តពង្រីកកិច្ចប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា ផ្ដោតលើបច្ចេកវិទ្យា AI
ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំដោយ ឯកឧត្តម Benjamin Chiang ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរ
និងពិភាក្សាបទពិសោធគ្នាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)
និងសក្ដានុពលរបស់វាសម្រាប់ការអភិវឌ្ឍវិស័យអប់រំ
និងសេដ្ឋកិច្ចសង្គមជាតិ ហើយក៏ជាឱកាសណែនាំវាគ្មិនសំខាន់ គឺលោក Oscar Garcia ដែលជាអ្នកជំនាញផ្នែក AI ដ៏ល្បីល្បាញមកពី Silicon
Valley សហរដ្ឋអាមេរិក ដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកក្នុងការដាក់បញ្ចូល
AI សម្រាប់កម្មវិធីសិក្សាឱ្យមានប្រសិទ្ធភាព
ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស និងការបង្រៀនបែបឌីជីថល។
ក្នុងឱកាសនេះ ឯកឧត្តម
ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ
និងបានលើកឡើងពីសកម្មភាពថ្មីៗ របស់ស្ថានទូតអាមេរិកពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេស
ការរៀបចំពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប
ដែលឃើញថា មានសិស្សនិស្សិតកម្ពុជាជាច្រើនចាប់អារម្មណ៍លើការសិក្សានៅសហរដ្ឋអាមេរិក
ទន្ទឹមនឹងនេះ ឯកឧត្តម
បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ
ផ្ដោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយយកឱកាសនេះដែរ
ដើម្បីស្វែងយល់បន្ថែមអំពីបទពិសោធ កាលានុវត្តភាព ការប្រឈម
និងទស្សនៈវិស័យក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រើប្រាស់AI នៅក្នុងវិស័យអប់រំ។
មានប្រសាសន៍ក្នុងឱកាសនេះដែរ
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ
និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ល្អប្រសើររបស់ស្ថានទូតសហរដ្ឋអាមេរិកក្នុងកិច្ចសហប្រតិបត្តិការនានាក្នុងពេលខាងមុខ
ព្រមទាំងបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានមើលឃើញ
និងទទួលស្គាល់ទាំងសក្តានុពល និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា AI ក្នុងការកែទម្រង់វិស័យអប់រំ និងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។ AI
អាចមានសមត្ថភាពយ៉ាងសំខាន់ក្នុងការបង្កើតកម្មវិធីសិក្សាផ្ទាល់ខ្លួន
(Personalized Learning) សម្រាប់សិស្សម្នាក់ៗ
ជួយគ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀនប្រកបដោយភាពច្នៃប្រឌិត
និងផ្តល់លទ្ធភាពឱ្យសិស្សានុសិស្សទទួលបានធនធានចំណេះដឹងថ្មីៗទាន់សម័យពីជុំវិញពិភពលោក
ប៉ុន្តែក្រសួងក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរ
ដូចជាការធានាឱ្យមានការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌
ហានិភ័យនៃការបាត់បង់ជំនាញគិតពិចារណាស៊ីជម្រៅរបស់សិស្ស
ឬសមត្ថភាពក្នុងការសរសេរជាដើម។
ក្រសួងបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ
ដោយការបណ្តុះបណ្តាលគ្រូបង្រៀនជំនាន់ថ្មីឱ្យយល់ច្បាស់អំពី AI និងបង្កើតក្រុមការងារជំនាញដើម្បីផ្តល់ការគាំទ្រដល់គ្រូបង្រៀនជាដើម។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលកន្លងមក
ក៏ដូចជាការចែករំលែកបទពិសោធ ចំណេះដឹងដ៏មានសារៈសំខាន់ពីសំណាក់លោក Oscar
Garcia ដោយបានបញ្ជាក់ថា ជំនួបនេះ
គឺជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រលើបច្ចេកវិទ្យា AI ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត
និងជាគន្លឹះដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពអប់រំ
និងធនធានមនុស្សសម្រាប់យុគសម័យឌីជីថល៕
Post a Comment