ព្រឹកនេះ ក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវជួបប្រជុំវិសាមញ្ញលើកទី២៧ នៅខេត្តត្រាត ប្រទេសថៃ
ភ្នំពេញ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវជួបប្រជុំជាវិសាមញ្ញលើកទី២៧ រវាងយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី និងត្រាត របស់ភាគីថៃ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ដែលធ្វើឡើងនៅខេត្តត្រាត ប្រទេសថៃ។
ការថ្លែងឱ្យដឹងយ៉ាងដូច្នេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ
នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកស្រី
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
បានរម្លឹកឡើងវិញអំពីបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល
និងកិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ
(RBC) ថាបានកើតចេញពីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងកាលពីថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ
(GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី
ដែលមានការចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក
និងសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបជូនថា
ក្រសួងការពារជាតិកម្ពុជា
តែងតែបានអះអាងជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់
និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ
ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន
ទោះក្នុងតម្លៃណាក៏ដោយ៕
Post a Comment