សិង្ហបុរី ចាត់ទុកបារីអេឡិចត្រូនិកជាគ្រឿងញៀន ហើយដាក់ពិន័យធ្ងន់ចំពោះអ្នកលក់

សិង្ហបុរី សិង្ហបុរី នឹងចាត់ទុកការជក់បារីអេឡិចត្រូនិក ឬ Vape ជាបញ្ហាគ្រឿងញៀន ហើយនឹងបង្កើនការអនុវត្តច្បាប់ ចំពោះបារីអេឡិចត្រូនិចដែលខុសច្បាប់ ប៉ុន្តែកំពុងរីករាលដាលកាន់តែខ្លាំងឡើង ក្នុងចំណោមយុវជននៅក្នុងប្រទេស។

កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តី លោក Lawrence Wong បានគូសបញ្ជាក់ថា «មកដល់ពេលនេះ យើងបានដាក់ពិន័យច្រើនហើយ ចំពោះការជក់បារីអេឡិចត្រូនិក ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ទេ»។ ក្នុង​សុន្ទរកថា​នៃទិវា​ជាតិ ​​លោក Wong បានបន្ថែមថា «អាជ្ញាធរនឹងធ្វើការពិន័យយ៉ាងតឹងរ៉ឹង រួមទាំងការកាត់ទោសឱ្យជាប់ពន្ធនាគារ និងការដាក់ទោសធ្ងន់ធ្ងរថែមទៀត ចំពោះអ្នកលក់បារីអេឡិចត្រូនិក»

តាមលោកនាយករដ្ឋមន្រ្តី ការជំរុញផ្នែកអប់រំសាធារណៈ ក៏នឹងត្រូវបង្កើនផងដែរ ដោយចាប់ផ្តើមនៅតាមសាលារៀន សាកលវិទ្យាល័យ និងក្នុងអំឡុងពេលផ្តល់សេវាជាតិ។ ការជក់គឺជាកង្វល់ដ៏ធំមួយ ដោយលោក Wong កត់សម្គាល់ថា ទោះបីជាត្រូវបានហាមឃាត់ក៏ដោយ ក៏នៅតែមានការលួចនាំចូលបារីអេឡិចត្រូនិក មកសិង្ហបុរី។

សូមជម្រាបថា នៅក្នុងបារីអេឡិចត្រូនិច គឺមានសារធាតុញៀន និងបង្កគ្រោះថ្នាក់ រួមទាំង etomidate ដែលជាថ្នាំស្ពឹក ដែលអាចមានគ្រោះថ្នាក់នៅពេលប្រើច្រើនលើសកំណត់៕



 

Powered by Blogger.