ផូស៊ីលមានអាយុកាលរាប់លានឆ្នាំដែលរកឃើញនៅស្រុកសេសាននឹងត្រូវរៀបចំឲ្យក្លាយទៅជាកន្លែងទេសចរណ៍វប្បធម៌
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញគ្រោងនឹងរៀបចំកន្លែងទីតាំងថ្មកំណាយ(ដើមគគីថ្ម ហៅថាផូស៊ីល)ធ្វើជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ដើម្បីបង្កើនការអភិរក្សសមិទ្ធផលមរតក ដែលមានតាំងពីបុរាណកាលមក ។
ក្នុងឱកាសចុះពិនិត្យសមិទ្ធផលបុរាណនៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៧សីហាកន្លងទៅនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា៖ក្រោយធ្វើកំណាយ មន្រ្តីជំនាញគ្រប់ស្ថាប័់នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំធ្វើរោងប្រក់ពីលើសមិទ្ធផលនេះ ដែលជាសម្បត្តិបុរាណកាល ហើយប្រជាពលរដ្ឋត្រូវជួយថែរក្សាការពារឲ្យបានគង់វង្ស ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានមកឃើញនិងបានស្គាល់ ។
ជាមួយគ្នានេះ រដ្ឋបាលស្រុកសេសាន មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការនិងសាសនាខេត្ត ត្រូវបង្កើតឲ្យទៅជាកន្លែងរមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ដើម្បីធ្វើជាកន្លែងទីសក្ការៈរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន មានប្រសាសន៍ថា៖អាជ្ញាធរស្រុកនិងសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគម្រោងផែនការអភិវឌ្ឍន៍ នៅភូមិការតូតនេះ ដែលជាភូមិមានសហគមន៍បងប្អូនជនជាតិព្រៅរស់នៅផងដែរ ។
លោកបន្តថា៖ផែនការនេះអាជ្ញាធរនិងផ្នែកជំនាញមន្ទីរទេសចរណ៍ នឹងធ្វើការសិក្សាគម្រោង ដើម្បីផ្សព្វផ្សាយរកដៃគូអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងធ្វើផ្ទាំងសញ្ញាបង្ហាញពីសមិទ្ធផលទេសភាពនៃតំបន់ទេសចរណ៍ជាច្រើនដែលមាននៅក្នុងស្រុកសេសាន ។
សូមបញ្ជាក់ថា៖ដើមគគីថ្ម(ហៅថាផូស៊ីល)បានធ្វើកំណាយឃើញមានប្រវែងជិត២០ម៉ែត្រ ហើយ មន្ត្រីជំនាញស្រាវជ្រាវបេតិកភណ្ឌផ្នែកបរិស្ថាន បង្ហាញថាវាមានអាយុកាល ប្រមាណ២លានឆ្នាំ និងកំពុងបន្តធ្វើកំណាយឱ្យដល់គល់តែម្តង ៕









Post a Comment