ហាម៉ាស ទទួលយកសំណេីបទឈប់បាញ់ ជាមួយអ៊ីស្រាអែល និងការដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន

គែរ៖ អេហ្ស៉ីប បានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ក្រុមហាម៉ាសបានយល់ព្រមលេីបទឈប់បាញ់ជាមួយអ៊ីស្រាអែល ដែលរួមមានទាំងការប្រគល់ចំណាប់ខ្មាំងក្នុងចំនួនពាក់កណ្តាលនៃអ្នកដែលនៅសល់ឃុំខ្លួនក្នុងតំបន់ហ្កាហ្សា​ និងការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនពីអ៊ីស្រាអែល។

មន្ត្រីជាន់ខ្ពស់ហាម៉ាស់ លោក Basem Naim បានទទួលស្គាល់ពីការយល់ព្រមនេះនៅលើ Facebook ហេីយនិយាយថា ក្រុមផ្សេងទៀតរបស់ខ្លួន ក៏បានជូនដំណឹងដល់អ្នកសម្រុះសម្រួលអេហ្ស៉ីបអំពីការព្រមព្រៀងរបស់ពួកគេផងដែរ។ អេហ្ស៉ីប បញ្ជាក់ថា សំណើដែលទទួលយកដោយក្រុមហាម៉ាស រួមមានការផ្អាកប្រតិបត្តិការយោធាអ៊ីស្រាអែលរយៈពេល ៦០ថ្ងៃ និងគូសបញ្ជាក់ពីក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដើម្បីបញ្ចប់សង្រ្គាមជិតពីរឆ្នាំមកនេះ។ អ៊ីស្រាអែលមិនទាន់ឆ្លេីយតបទេ ខណៈអេហ្ស៉ីប និងកាតាកំពុងជួយសម្រុះសម្រួលរវាងភាគីនានាដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។

សូមជម្រាបថា ថ្មីៗនេះ អ៊ីស្រាអែលបានប្រកាសពីផែនការដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា (Gaza City) ដែលស្ថិតនៅចំកណ្តាលដែនដីប៉ាឡេស្ទីននេះតែម្តង ប៉ុន្តែក្រុមមន្ត្រីនិយាយថា វាអាចចំណាយពេលជាច្រើនសប្តាហ៍ដើម្បីចាប់ផ្តើម ដោយទុកទ្វារបើកចំហសម្រាប់បទឈប់បាញ់៕ (ប្រភព៖ Reuters)



 

Powered by Blogger.