ពូទីន ថាព្រមព្រៀងក្រៅផ្លូវការជាមួយ ត្រាំ ស្ដីពីអ៊ុយក្រែន ចង់រៀបចំជំនួបម្ដងទៀតនៅមូស្គូ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៥ ខែសីហាថារូបលោកបានឈានដល់ការព្រមព្រៀងគ្នាក្រៅផ្លូវការមួយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលលោកផ្ទាល់និយាយថាអាចនឹងនាំមកនូវសន្តិភាពនៅអ៊ុយក្រែន។
លោក ពូទីន និងលោក ត្រាំ
បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលមួយធ្វើឡើងក្នុងរដ្ឋ Alaska
ដើម្បីពិភាក្សាគ្នាពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ លោក ត្រាំ
បានអះអាងពីភាពរីកចម្រើនក្នុង ជំនួបចាយពេលជិត៣ម៉ោងជាមួយលោក ពូទីន
ប៉ុន្តែកិច្ចប្រជុំកំពូលនេះបានបិទបញ្ចប់ដោយមិនមានកិច្ចព្រមព្រៀង ឬបទឈប់បាញ់នោះទេ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ត្រាំ លោក ពូទីន បានគូសបញ្ជាក់ថា «យើងសង្ឃឹមថាការព្រមព្រៀងគ្នាក្រៅផ្លូវការដែលយើងសម្រេចបាន
នឹង...ត្រួតត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន»។
ប៉ុន្តែ លោក ពូទីន មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាការព្រមព្រៀងគ្នាក្រៅផ្លូវការរវាងលោក
និងលោក ត្រាំ នោះទេ។
សូមជម្រាបថា លោក ពូទីន
បានលើកឡើងនូវសំណើរៀបចំកិច្ចប្រជុំកំពូលបន្ទាប់ជាមួយលោក ត្រាំ ក្នុងទីក្រុងមូស្គូ
ហើយសង្ឃឹមថានឹងបានជួបលោក ត្រាំ ជាថ្មីក្នុងពេលឆាប់ៗ៕ (ប្រភព៖ AFP)

Post a Comment