ឥណ្ឌា៖ មនុស្ស ៣៤នាក់ស្លាប់ និងជាង ២០០នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ និងបាក់ដីដែលបង្កឡើងដោយទឹកភ្លៀង

ញូដេលី៖ មនុស្សយ៉ាងហោចណាស់ ៣៤នាក់បានស្លាប់ និងជាង ២០០នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកភ្លាមៗនៅតំបន់កាស្មៀរត្រើយខាងឥណ្ឌា ដែលនេះគឺជាគ្រោះមហន្តរាយបែបនេះលើកទីពីរហើយនៅតំបន់ភ្នំហិម៉ាល័យ ក្នុងរយៈពេលជាងមួយសប្តាហ៍។

ឧបទ្ទវហេតុនេះបានកើតឡើងនៅទីប្រជុំជន Chasoti នៃស្រុក Kishtwar ដែលជាចំណុចឈប់សំចតមួយនៅលើផ្លូវធម្មយាត្រាដ៏ពេញនិយមមួយ។ ទឹកជំនន់បានកួចយកផ្ទះបាយសហគមន៍មួយកន្លែង និងប៉ុស្តិ៍សន្តិសុខដែលត្រូវបានរៀបចំឡើងសម្រាប់អ្នកធ្វើធម្មយាត្រាទៅកាន់ប្រាសាទ Machail Mata។ មន្ត្រីម្នាក់បាននិយាយថា «មានក្រុមអ្នកធ្វើធម្មយាត្រាមួយចំនួនធំបានប្រមូលផ្តុំគ្នាដើម្បីទទួលទានអាហារថ្ងៃត្រង់ ហើយពួកគេត្រូវបានទឹកកួចយកទៅបាត់»

អភិបាលតំបន់ លោក Omar Abdullah បានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃសោកនាដកម្មនេះ ដោយទទួលស្គាល់ថា ព័ត៌មានលម្អិតកំពុងត្រូវបានប្រមូលបណ្ដើរៗ។ ទន្ទឹមនឹងនេះ ស្នងការស្រុក Kishtwar លោក Ramesh Kumar បានអះអាងថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការហើយ ដោយកម្លាំងនគរបាលក្នុងតំបន់ ក្រុមឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងកងទ័ព ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ។

យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា បាតុភូត «cloudburst» គឺជាភ្លៀងធ្លាក់ខ្លាំងភ្លាមៗ ដែលមានកម្រិតទឹកភ្លៀងលើសពី ១០០មីលីម៉ែត្រ ក្នុងរយៈពេលត្រឹមតែមួយម៉ោង ហើយអាចបង្កឱ្យមានទឹកជំនន់ភ្លាមៗ ការបាក់ដី និងការបំផ្លិចបំផ្លាញ ជាពិសេសនៅតំបន់ភ្នំក្នុងរដូវមូសុង៕ (ប្រភព៖ Reuters)



 

Powered by Blogger.