ពូទីន បង្ហើបពីលទ្ធភាព នៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងដោយស្មោះ ដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ហើយបានលើកឡើងថា ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនអាចនឹងព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរមួយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិភាព។
ការអត្ថាធិប្បាយនេះ
ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់
និងមន្ត្រីសន្តិសុខរបស់លោក មួយថ្ងៃមុនជំនួបកំពូលនៅរដ្ឋអាឡាស្កា
ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
លោក ពូទីន
បានបញ្ជាក់នៅក្នុងសុន្ទរកថា ដែលផ្សាយតាមទូរទស្សន៍ថា សហរដ្ឋអាមេរិក «តាមគំនិតរបស់ខ្ញុំ កំពុងខិតខំប្រឹងប្រែងយ៉ាងស្វាហាប់
និងដោយស្មោះ ដើម្បីបញ្ឈប់អរិភាពបញ្ឈប់វិបត្តិ
និងឈានដល់កិច្ចព្រមព្រៀងដែលជាផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់
ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាពយូរអង្វែង។ ប្រសិនបើនៅដំណាក់កាលបន្ទាប់
យើងឈានដល់កិច្ចព្រមព្រៀងក្នុងវិស័យគ្រប់គ្រងអាវុធយុទ្ធសាស្ត្រវាយលុក»។
ការលើកឡើងរបស់លោក
ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីនឹងលើកយកបញ្ហាការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ
មកពិភាក្សានៅក្នុងជំនួបជាមួយលោក ត្រាំ។ សន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាចុងក្រោយដែលនៅសេសសល់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ
និងដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលបានដាក់ពង្រាយត្រឹម ១,៥៥០ សម្រាប់ភាគីនីមួយៗ នឹងត្រូវផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំក្រោយ។
បើតាម
ជំនួយការរបស់លោក ពូទីន លោក Yuri Ushakov បានឱ្យដឹងថា
ជំនួបកំពូលនេះនឹងផ្តោតសំខាន់លើបញ្ហាអ៊ុយក្រែន
ប៉ុន្តែក៏នឹងពិភាក្សាអំពីបញ្ហាសន្តិសុខអន្តរជាតិ
និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរុស្ស៊ី-អាមេរិកផងដែរ។ លោក Ushakov
បានបញ្ជាក់ថា មេដឹកនាំទាំងពីរនឹងជួបគ្នាដោយផ្ទាល់
ដោយមានតែអ្នកបកប្រែប៉ុណ្ណោះ មុននឹងបន្តកិច្ចប្រជុំជាមួយគណៈប្រតិភូ
និងសន្និសីទសារព័ត៌មានរួមគ្នា៕ (ប្រភព៖ Reuters)

Post a Comment