គីម ជុងអ៊ុន បញ្ជាឱ្យពង្រីកបន្ថែមទៀតសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអង្គារ ទី១៩ ខែសីហា បានបញ្ជាឱ្យមានការពង្រីកយ៉ាងឆាប់រហ័ស ចំពោះសមត្ថភាពអាវុធនុយក្លេអ៊ែរ នៃប្រទេសរបស់លោកបន្ថែមទៀត ក្រោមហេតុផលថា ការបន្តធ្វើសមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អាចនឹងនាំទៅរកការផ្ទុះសង្រ្គាម។
តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង
KCNA
លោក គីម បាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធភាពយោធា
និងការដំឡើងសាច់ដុំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គឺជាតឹកតាងជាក់ស្តែងបំផុត
ដែលស្តែងឱ្យឃើញពីឆន្ទៈរបស់ពួកគេ ក្នុងការបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។
ស្ថានការណ៍បច្ចុប្បន្នបែបនេះ ទាមទារឱ្យយើងចេះត្រូវធ្វើការផ្លាស់ប្តូរខ្លាំងនិងលឿន
នៅក្នុងទ្រឹស្តីនិងការអនុវត្តផ្នែកយោធា
ព្រមទាំងពង្រីកឱ្យឆាប់រហ័សនូវសមត្ថភាពអាវុធនុយក្លេអ៊ែរ»។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ
អាមេរិកនិងកូរ៉េខាងត្បូង
បានចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលពួកគេអះអាងថា
មានគោលដៅពង្រឹងការត្រៀមលក្ខណៈរបស់សម្ព័ន្ធមិត្តទាំងពីរ សម្រាប់ការគំរាមកំហែងពីកូរ៉េខាងជើង
ដែលមានអាវុធនុយក្លេអ៊ែរ។ សមយុទ្ធនោះ នឹងមានរយៈពេលសរុប១១ថ្ងៃ។
សូមជម្រាបថា កាលពីសប្តាហ៍មុន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញាគោរពប្រព័ន្ធនយោបាយរបស់កូរ៉េខាងជើង
ហើយកសាងការជឿទុកចិត្តផ្នែកយោធាឡើងវិញ បើទោះបីជាទីក្រុងព្យុងយ៉ាងបាននិយាយថា
ខ្លួនមិនចាប់អារម្មណ៍ចំពោះការស្តារទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលក៏ដោយ៕ (ប្រភព៖ AFP)

Post a Comment