កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយអនុវត្តនូវកិច្ចព្រមព្រៀង ១៣ចំណុច ដោយដោះលែងយោធិនកម្ពុជា១៨នាក់

ភ្នំពេញ អ្នកនាំពាក្យក្រសួងការ ពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា ជាថ្មីម្តងទៀត កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានចូលជាធរមាន។

ជាមួយគ្នានេះ កម្ពុជាអំពាវនាវថៃអនុវត្តនូវកិច្ចព្រមព្រៀង ១៣ចំណុច ដោយដោះលែងយោធិនកម្ពុជា១៨នាក់ ដែលទាហានថៃបានចូលមកចាប់ខ្លួន ៨ម៉ោង ក្រោយបទឈប់បាញ់ ដែលគិតដល់ពេលនេះ មានរយៈពេល ១៥ថ្ងៃហើយ។

លោកស្រី ម៉ាលី សុជាតា បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

លោកស្រី បានបញ្ជាក់ថា «សាជាថ្មីម្តងទៀត កម្ពុជាសូមអំពាវនាវថៃ គោរពស្មារតីបទឈប់បាញ់ ឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលជាដំណោះស្រាយដ៏ត្រឹមត្រូវ មិនលម្អៀង យុត្តិធម៌ ព្រៀមទាំងនាំមកនូវសន្តិភាព និងភាពរីកចម្រើន ដល់ប្រទេសទាំងពីរ»

គួរជម្រាបថា តាមការអះអាងរបស់កាកបាទក្រហមអន្តរជាតិ ដែលបានជួបសួរសុខទុក្ខទាហានកម្ពុជាទាំង១៨នាក់ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាននោះ គឺមានសុវត្ថិភាព៕



 

Powered by Blogger.